Home ព័ត៌មានអន្តរជាតិ ថៃសហការជាមួយប្រទេសនៅអាស៊ានប្រឆាំងការបំពុលបរិយាកាស

ថៃសហការជាមួយប្រទេសនៅអាស៊ានប្រឆាំងការបំពុលបរិយាកាស

87
0

ប្រទេសថៃ ៖ រដ្ឋាភិបាលថៃកំពុងព្យាយាមសហការជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសដោយសារផ្សែងកខ្វក់ឆ្លងកាត់ព្រំដែន ដែលកំពុងកើតឡើងនៅទូទាំងតំបន់ ។

ក្រោយពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីកាលពីចុងខែមីនា ឆ្នាំ២០២៣ កន្លងមក លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានថ្លែងថា បញ្ហាធូលី និងផ្សែង ចាំបាច់ត្រូវតែដាក់ក្នុងរបៀបវារៈនៅតំបន់អាស៊ានដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ។ ចំណែកលោក Don Pramutwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជូនលិខិតទៅកាន់ប្រទេសសមាជិកអាស៊ានរួចហើយ ដើម្បីស្នើសុំកិច្ចសហការស្វែងរកដំណោះស្រាយការបំពុលបរិយាកាស ។Air pollution is choking Bangkok, but a solution is in reach | Climate &  Clean Air Coalition

លោក Don Pramutwinai បន្ថែមថា ក្រសួងការបរទេសថៃបានទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដើម្បីរកវិធីដោះស្រាយបញ្ហាខ្យល់ពុលក្នុងបរិយាកាសដោយសារផ្សែងកខ្វក់ឆ្លងកាត់ព្រំដែនជាប្រចាំក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ ។ ដូច្នេះ លោកបានជួបពិភាក្សាជាមួយឯកអគ្គរាជទូតរបស់ប្រទេសទាំងពីរ និងបានជម្រាបឱ្យដឹងពីភាពចាំបាច់ដើម្បីសហការគ្នាកាត់បន្ថយការបំពុលបរិយាកាស ។ លើសពីនេះ ឯកអគ្គរាជទូតថៃប្រចាំប្រទេសមីយ៉ាន់ម៉ា និងឡាវ ក៏បានចូលជួបជាមួយមន្ត្រីរដ្ឋាភិបាល និងពិភាក្សាគ្នាអំពីរឿងនេះផងដែរ ។

រីឯលោក Wijarn Simachaya នាយកវិទ្យាស្ថានបរិស្ថាន និងជាអតីតរដ្ឋលេខាធិការក្រសួងធនធានធម្មជាតិ និងបរិស្ថានថ្លែងថា ការបរាជ័យនៃការគ្រប់គ្រងធូលីកខ្វក់ឆ្លងកាត់ព្រំដែន គឺមួយផ្នែកមកពីមិនអាចបង្ខំអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ក្នុងចំណោមប្រទេសអាស៊ាន ។Drive less to help solve Bangkok's air pollution

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anupong Paochinda បានថ្លែងដែរថា អភិបាលខេត្តនានាមានអំណាចបង្ខំឱ្យប្រើប្រាស់វិធានការផ្សេងៗដើម្បីគ្រប់គ្រងធូលីកខ្វក់ ក្រោមការណែនាំរបស់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ។ ដំណាក់កាលបន្តទៀត គឺសំណូមពរទៅកាន់អ្នកជិះម៉ូតូទាំងអស់ ចៀសវាងការចូលទៅកាន់តំបន់ណាមានផ្សែងក្រាស់ ខណៈផ្សែងចេញពីបំពង់ស៊ីម៉ាំងម៉ូតូ ក៏ជាមូលហេតុសំខាន់ដែលធ្វើឱ្យបរិយាកាសកខ្វក់ដែរ ។

ទោះយ៉ាងណា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា ក្រសួងសុខាភិបាលមានសម្ភារពេទ្យសម្រាប់ផ្តល់ដល់អ្នករស់នៅក្នុងតំបន់មានការបំពុលបរិយាកាស ជាពិសេស ខេត្តនៅភាគខាងជើងប្រទេស ។Doctors recommend wearing masks as thick smog engulfs Thai cities

គួរបញ្ជាក់ថា នៅប្រទេសថៃមានអ្នកជំងឺប្រមាណ៤.០០០នាក់ក្នុង១សប្តាហ៍ ដែលបានចូលមកព្យាបាលជំងឺផ្លូវដង្ហើមដោយសារធូលីកខ្វក់ក្នុងបរិយាកាស ។ បើតាមទិន្នន័យរបស់នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានឃើញថា ខេត្តឈៀងរ៉ៃមានកម្រិតធូលីអាក្រក់បំផុត កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ជាពិសេស នៅស្រុកម៉ែសាយ ៕

ប្រភព ៖ AEC connect