ថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុក បានចែករំលែករួមទាំងរិះគន់ផងទៅលើវីដេអូចាស់មួយរបស់លោកជំទាវ តាំង ហ្គិចលៀង ដោយនិយាយពីអ្នកមានគិតពីថ្ងៃអនាគត អ្នកក្រចូលចិត្តគិតពីអតីតកាល រួមទាំងចូលចិត្តបង្ហោះដ្រាមាជាដើម។
លោកជំទាវ តាំង ហ្គិចលៀង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាស្រ្តីជោគជ័យមួយរូប ដែលជាអគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ហើយញឹកញាប់លោកជំទាវបានចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីជាច្រើន។
យ៉ាងណាមិញ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមមានជាមតិវែកញែកជាច្រើនរួមទាំងការរិះគន់ផងដែរទៅលើវីដេអូខ្លីមួយដែលជាវីដេអូចាស់របស់លោកជំទាវ ចូលរួមជាវាគ្មិន។ បើតាមការបញ្ជាក់របស់លោកជំទាវបន្ទាប់ពីមានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម កម្មវិធីនោះមានឈ្មោះថា «ទិវាភាពជាអ្នកមានឆ្នាំ២០២២» ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងកម្មវិធីខាងនេះមិនត្រឹមតែមានលោកជំទាវ តាំង ហ្គិចលៀង ប៉ុណ្ណោះទេប៉ុន្តែមានវាគ្មិនជាច្រើនទៀតចូលរួមដែលសុទ្ធតែជាស្ថាបនិក អ្នកគ្រប់គ្រងធំៗមកពីក្រុមហ៊ុនផ្សេងៗគ្នា។
អ្នកលេងបណ្តាញសង្គមបានរិះគន់វីដេអូខ្លីរបស់លោកជំទាវ តាំង ហ្គិចលៀង ថា «អ្នកមាន អ្នកជោគជ័យធ្វើអ្វីក៏ត្រូវ អ្នកក្រធ្វើអ្វីក៏ខុសលេបទឹកមាត់ក៏ខុស ហូបបាយហើយដេកក៏ខុស» រួមទាំងមតិរិះគន់ជាច្រើនទៀត។
ទន្ទឹមនឹងមានការរិះគន់យ៉ាងខ្លាំងក្លាគេក៏ឃើញថា អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា «ពិចារណាតាមការគួរ ត្រូវយកគំនិតមកគិត កុំយកអារម្មណ៍មកពិចារណា នោះអ្នកនឹងយល់ពីអ្វីដែលលោកជំទាវចង់សម្តៅទៅ»។ បន្ថែមពីលើនេះ លោកជំទាវ តាំង ហ្គិចលៀង ក៏បានលើកឡើងថា ការធ្វើបទបង្ហាញពេញមានរយៈពេល៤០ នាទី អាចយកមករៀនសូត្របានសម្រាប់អ្នកចង់រីកចម្រើន ស្តាប់លេងៗ ចេះមែនទែនរីកចម្រើនមែនទែន៕










