តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរមកដល់ក្រុងញូវយ៉កហើយកាលពីថ្ងៃទី២៩ ខែមីនា កន្លងមក ដែលយន្តហោះបានចុះចតនៅអាមេរិក មុននឹងធ្វើដំណើរបន្តទៅកាន់ប្រទេសនៅអាមេរិកកណ្តាល ។ លោកស្រីមេដឹកនាំតៃវ៉ាន់ថ្លែងថា លោកស្រីនឹងមិនបណ្តោយឱ្យការដាក់សម្ពាធពីប្រទេសខាងក្រៅមករារាំងមិនឱ្យតៃវ៉ាន់បានចូលរួមក្នុងការងារសង្គមខាងក្រៅទេ ។ លោកស្រីថ្លែងបែបនេះក្រោយពីចិនបានគំរាមថា នឹងចាត់វិធានការលើតៃវ៉ាន់ បើលោកស្រីជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy ។
លោកស្រី Tsai Ing-wen មានគម្រោងមកកាន់ទីក្រុងញូវយ៉ក និងទីក្រុង Los Angeles ក្នុងអំឡុងពេលលោកស្រីធ្វើដំណើរទៅកាន់ប្រទេសហ្គាតេម៉ាឡា និងបេលីស ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ។ ហ្គាតេម៉ាឡា និងបេលីស គឺជាប្រទេសស្ថិតក្នុងចំណោមប្រទេសមានទំនាក់ទំនងការទូត និងទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ។
លោកស្រី Tsai Ing-wen នឹងស្នាក់នៅទីក្រុងញូវយ៉ករហូតដល់ថ្ងៃទី១ ខែមេសា បន្ទាប់មក លោកស្រីនឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ។ តាមព័ត៌មាននានាចុះផ្សាយថា លោកស្រី Tsai Ing-wen នឹងជួបជាមួយលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីព័ត៌មាននេះជាផ្លូវការទេ ។
លោកស្រី Tsai Ing-wen បានថ្លែងមុនពេលចាកចេញពីតៃវ៉ាន់ថា ៖ «ការដាក់សម្ពាធពីប្រទេសខាងក្រៅ មិនមែនជាឧបសគ្គដល់ការតាំងចិត្តរបស់យើងដែលចង់ជួបជាមួយពិភពលោកខាងក្រៅទេ ។ យើងមានសន្តិភាព និងទំនុកចិត្ត ហើយយើងក៏មិនព្រមចុះចាញ់ដែរ ។ តៃវ៉ាន់នឹងធ្វើដំណើរនៅលើវិថីសេរីភាព និងប្រជាធិបតេយ្យយ៉ាងមានស្ថេរភាព និងបោះជំហានទៅកាន់ពិភពលោកយ៉ាងធំទូលាយជាងមុន បើទោះជាផ្លូវដើររបស់យើងពិបាកក្តី ប៉ុន្តែតៃវ៉ាន់មិនមែននៅតែឯងទេ» ។
ចំណែកស្ថានទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា ក្នុងអំឡុងពេលលោកស្រី Tsai Ing-wen ស្នាក់នៅក្រុងញូវយ៉កនោះ គឺមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមក្នុងសកម្មភាពនានារបស់លោកស្រីទេ ។ រីឯប្រទេសចិនវិញបានដាស់តឿនជាញឹកញាប់ថា មន្ត្រីជាន់ខ្ពស់របស់អាមេរិកមិនគួរជួបគ្នាជាមួយលោកស្រី Tsai Ing-wen ទេ ព្រោះវាជាការបង្ហាញថា អាមេរិកគាំទ្រគោលបំណងរបស់តៃវ៉ាន់ ដែលត្រូវការបំបែកខ្លួនចេញពីប្រទេសចិន ។
គួរបញ្ជាក់ថា កាលពីលោកស្រី Nancy Pelosi អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកបានធ្វើដំណើរមកកាន់តៃវ៉ាន់កាលពីលោកស្រីនៅកាន់តំណែង ចិនក៏បានចាត់វិធានការវិញដែរ ដោយបើកប្រតិបត្តិការសមយុទ្ធទ្រង់ទ្រាយធំ និងប្រើគ្រាប់ពិតបាញ់ចំនួន៦ទីតាំងនៅជុំវិញកោះតៃវ៉ាន់ ។ ហេតុនេះហើយទើបបច្ចុប្បន្ន កងទ័ពតៃវ៉ាន់តាមដានសកម្មភាពរបស់ចិនយ៉ាងដិតដល់ ៕ ប្រភព ៖ The standardth










