សហរដ្ឋអាមេរិក ៖ ករណីកម្មវិធី TikTok របស់ចិនដែលអាមេរិកលើកឡើងថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ហើយ CEO របស់ TikTok បានបកស្រាយនៅក្នុងតុលាការអាមេរិកថា កម្មវិធីនេះមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ធ្វើឱ្យគេចាប់អារម្មណ៍ថា តើកម្មវិធីនេះអាចទាក់ទាញយុវវ័យអាមេរិកឱ្យចូលចិត្តប្រើវាដោយរបៀបណា ? ហើយមូលហេតុអ្វីបានជា TikTok ទទួលបានការពេញនិយមប្រើប្រាស់ជាខ្លាំងនៅអាមេរិក ?
តាមការស្ទង់មតិនៅខែមីនា ឆ្នាំ២០២៣ បង្ហាញថា កន្លងមក កម្មវិធីចំនួន៤ ក្នុងចំណោម៥ ដែលពលរដ្ឋ និងយុវវ័យអាមេរិកចូលចិត្តប្រើប្រាស់ គឺជារបស់ចិន ។ មតិជាច្រើនគិតថា មូលហេតុដែលធ្វើឱ្យកម្មវិធីរបស់ចិនទទួលបានការពេញនិយម ព្រោះវាជាកម្មវិធីឆ្លាតវៃ និងបានប្រកួតប្រជែងគ្នានៅប្រទេសចិន ហើយបានជំរុញឱ្យកម្មវិធីទាំងនេះអភិវឌ្ឍន៍ទៅមុខជានិច្ច ។
តាមទិន្នន័យរបស់ Sensor Tower បង្ហាញថា ក្នុងរយៈពេល៣សប្តាហ៍ដំបូងក្នុងខែមករា ឆ្នាំ២០២៣ កម្មវិធី Temu ទើបបង្កើតឡើងបានរយៈពេល៧ខែបានក្លាយជាកម្មវិធីពេញនិយមមួយ និងមានការដោនឡូតច្រើនបំផុតនៅអាមេរិក បន្ទាប់មក គឺកម្មវិធី CapCut ជាកម្មវិធីភ្ជាប់វីដេអូរបស់ TikTok ។
កម្មវិធីពេញនិយមរបស់ចិនទាំងនេះបានបង្កើតឡើងដោយបច្ចេកវិទ្យារបស់ក្រុមយុវវ័យចិន និងដាក់គោលដៅទៅកាន់ទីផ្សារលើពិភពលោក ខណៈមានការប្រើប្រាស់កម្មវិធីនេះច្រើននៅចិន ហើយក្រុមហ៊ុនទាំងនេះប្រមូលផ្តុំនូវអ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យាជាច្រើននៅចិន ។ ជាក់ស្តែង កម្មវិធី Temu បើទោះវាជាវែបសាយទិញអីវ៉ាន់ ប៉ុន្តែបុគ្គលិកជាងពាក់កណ្តាលក្នុងក្រុមហ៊ុននេះ ជាអ្នកអភិវឌ្ឍន៍កម្មវិធី ។
អ្នកវិភាគនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនតែងត្រូវគូប្រជែងនៅអាមេរិកមើលរំលងជានិច្ច ហើយក្រុមហ៊ុនចិនបានចំណាយដើមទុនជាច្រើនដើម្បីអភិវឌ្ឍន៍កម្មវិធី បន្ទាប់មក យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់នៅក្រៅប្រទេស រួមទាំងអាមេរិកផងដែរ ។
ទោះយ៉ាងណា ការព្យាយាមរបស់ក្រុមហ៊ុនចិនក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស គឺមិនទទួលបានជោគជ័យទាំងអស់ទេ ខណៈអាមេរិកនិយាយថា ការប្រើប្រាស់កម្មវិធីរបស់ចិននឹងប៉ះពាល់ដល់សន្តិសុខរបស់អាមេរិក ជាពិសេស ករណី TikTok ដែលការិយាល័យគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកគំរាមថា នឹងហាមប្រើប្រាស់កម្មវិធីនេះនៅអាមេរិក បើក្រុមហ៊ុន ByteDance មិនលក់ភាគហ៊ុនក្នុង TikTok ។
ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមីនា សមាជិកសភាអាមេរិកបានសួរសំណួរទៅកាន់លោក Shou Zi Chew ជា CEO របស់ TikTok ពាក់ព័ន្ធនឹងការបញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិន ។ ប៉ុន្តែលោក Shou Zi Chew បានបដិសេធថា គ្មានការពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ៕ ប្រភព ៖ The standard wealth










