សហរដ្ឋអាមេរិក ៖ សារព័ត៌មាន CNN បានរាយការណ៍ពីហេតុការណ៍សោកនាដកម្មគួរឱ្យរន្ធត់ គឺការបាញ់ប្រហារក្នុងសាលារៀនបឋមសិក្សាឯកជនគ្រីស្ទានឈ្មោះ Covenant ស្ថិតនៅទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ។ ការបាញ់នេះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ ក្នុងនោះមានក្មេងអាយុ៩ឆ្នាំ ចំនួន៣នាក់ និងមនុស្សធំ៣នាក់ទៀត ហើយខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ ។
មន្ត្រីប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងឈ្មោះ Audrey Hale អាយុ២៨ឆ្នាំ ជាស្ត្រី ប៉ុន្តែតែងខ្លួនជាមនុស្សប្រុស ហើយរូបគេធ្លាប់សិក្សានៅសាលារៀននេះ ។ មន្ត្រីប៉ូលិសសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យមានការបាញ់ប្រហារ ដោយសារគេមានការខឹងសម្បារនឹងអ្វីម្យ៉ាង ។ ដូច្នេះ ប៉ូលិសមិនទាន់ដឹងច្បាស់ និងកំពុងស៊ើបអង្កេតព័ត៌មានលម្អិត ។ ជាដំបូង ប៉ូលិសរកឃើញថា ខ្មាន់កាំភ្លើងបានគូរផែនទីរបស់សាលារៀន រួមទាំងចំណុចនានាចូលទៅកាន់អគារ ហើយសរសេរអក្សរនៅលើនោះទៀតផង ។ រីមន្ត្រីផ្នែកស៊ើបអង្កេតបញ្ជាក់ថា ការបាញ់លើកនេះ ជនខិលខូចបានរៀបចំគម្រោង និងត្រៀមខ្លួនយ៉ាងល្អ ។
អ្នកនាំពាក្យប៉ូលិសប្រចាំក្រុង Nashville បង្ហើបថា មានគេប្តឹងមកកាន់ប៉ូលិសពីហេតុការណ៍នេះ ហើយសាក្សីរៀបរាប់ថា ជនខិលខូចបានចូលមកកាន់សាលារៀនតាមទ្វារចំហៀងប្រដាប់ដោយកាំភ្លើង៣ដើម និងកាំភ្លើងខ្លី១ដើមទៀត ។ បន្ទាប់មក គេក៏បានបាញ់ប្រហារអគារជាន់ទី១ និងជាន់ទី២ មុនពេលប៉ូលិសបាញ់រូបគេស្លាប់នៅជាន់ទី២ ។
ចំណែកមេការិយាល័យប៉ូលិសប្រចាំទីក្រុង Nashville បញ្ជាក់ថា ខ្មាន់កាំភ្លើងបានសរសេរសាររៀបរាប់ពីការមិនពេញចិត្តដែលលាក់ទុកក្នុងចិត្ត ដោយសារត្រូវគេបញ្ជូនមករៀននៅសាលាគ្រីស្ទាន ហើយគេជឿថា ខ្មាន់កាំភ្លើងបានរៀបចំគម្រោងរួចជាស្រេចដើម្បីបង្កហេតុ ។
ក្រោយកើតហេតុការណ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើទៅកាន់សភាអាមេរិកឱ្យកែតម្រូវច្បាប់កាំភ្លើងដ៏តឹងរ៉ឹងឡើងវិញ និងបញ្ជាក់ថា វាជាព្រឹត្តិការណ៍មួយដ៏គួរឱ្យសោកស្តាយ និងជារឿងអាក្រក់បំផុតរបស់ក្រុមគ្រួសារអ្នកស្លាប់ ។ លោកបន្តថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ដើម្បីទប់ស្កាត់ការបាញ់បែបនេះ ព្រោះវាកំពុងធ្វើឱ្យមានការបែងចែកក្នុងសហគមន៍របស់យើង និងបំបែកស្មារតីពលរដ្ឋក្នុងប្រទេសនេះ ៕
ប្រភព ៖ khaosod










