ប្រទេសថៃ ៖ យើងសង្កេតឃើញថា កន្លងមក សារព័ត៌មានជាច្រើននៅប្រទេសថៃបានចុះផ្សាយថា មានឪពុកម្តាយបានភ្លេចកូនតូចក្នុងរថយន្ត រហូតបណ្តាលឱ្យកូននោះស្លាប់បាត់បង់ជីវិត និងមិនអាចជួយសង្គ្រោះអ្វីបានឡើយ ។
នៅពេលក្មេងតូចត្រូវជាប់ក្នុងរថយន្តតែម្នាក់ឯង មិនថាដោយសារមូលហេតុអ្វីទេ ទាំងរថយន្តផ្ទាល់ខ្លួន ឬរថយន្តរបស់សាលារៀន គឺគ្រោះថ្នាក់អាចកើតឡើងបានទាំងអស់ ជាពិសេស ក្មេងតូចៗរៀននៅថ្នាក់មត្តេយ្យ ។ ការជាប់ក្នុងរថយន្តតែម្នាក់ឯងមានគ្រោះថ្នាក់ដោយសារខ្វះខ្យល់ដកដង្ហើម ខណៈអាកាសធាតុក្តៅខ្លាំង ហើយគ្មានអ្នកណាដឹងថា ក្មេងតូចជាប់ក្នុងរថយន្ត ។ ឪពុកម្តាយគ្រប់រូបត្រូវតែបង្រៀនកូនៗអំពីវិធីយករួចខ្លួន ពេលពួកគេជាប់ក្នុងរថយន្តម្នាក់ឯង ។![]()
ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបានណែនាំថា ឪពុកម្តាយគួរតែបង្រៀនកូនតូចៗអំពីវិធីយករួចខ្លួននៅពេលជាប់ក្នុងរថយន្តតែម្នាក់ឯង ដូចជា ៖
១-តាំងស្មារតី ហើយធ្វើចិត្តឱ្យត្រជាក់
២-ចុចស៊ីផ្លេរថយន្តឱ្យច្រើនដងដើម្បីសុំការជួយសង្គ្រោះ
៣-បើកភ្លើងអាសន្នក្នុងរថយន្តដើម្បីសុំការជួយសង្គ្រោះ
៤-គោះកញ្ចក់រថយន្ត និងបង្រៀនកូនឱ្យចេះបើក-បិទកញ្ចក់រថយន្ត
៥-បង្រៀនកូនឱ្យចេះបើកទ្វាររថយន្ត
ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបន្តថា យើងអាចនាំកូនៗទៅអនុវត្តជាក់ស្តែងនៅក្នុងរថយន្ត ព្រោះក្មេងតូចអាចរៀនសូត្រឆាប់ចេះ នៅពេលពួកគេបានអនុវត្តជាក់ស្តែង ។ ប៉ុន្តែបើយើងបង្រៀនកូនដោយមាត់ទទេនោះ គឺមិនអាចធ្វើឱ្យពួកគេចងចាំបានទេ ។ លើសពីនេះ វាជារឿងល្អដើម្បីឱ្យពួកគេបានត្រៀមខ្លួន បើត្រូវជួបស្ថានការណ៍ជាប់ក្នុងរថយន្ត ហើយពួកគេនឹងចេះដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។
ការបង្រៀនកូនតូចឱ្យមានស្មារតីចេះជួយខ្លួនឯងគឺជារឿងសំខាន់បំផុត ប៉ុន្តែទោះយ៉ាងណា សូមកុំភ្លេចកូននៅក្នុងរថយន្តតែម្នាក់ឯងឱ្យសោះ បើយើងចូលទិញអ្វីមួយ គឺត្រូវនាំកូនទៅជាមួយដែរ ចៀសវាងកើតគ្រោះថ្នាក់នឹកស្មានមិនដល់ ។ ខែនេះ នៅប្រទេសកម្ពុជាមានអាកាសធាតុក្តៅខ្លាំង ដូច្នេះ សូមឪពុកម្តាយគ្រប់រូបប្រយ័ត្នប្រយែងចំពោះកូនយើង ចៀសវាងភ្លេចពួកគេចោលក្នុងរថយន្ត ព្រោះនឹងបណ្តាលឱ្យកូនស្លាប់ ហើយមានការស្តាយក្រោយអស់មួយជីវិត ៕
ប្រភព ៖ Thai Health










