រដ្ឋមន្រ្តីក្រសួងអប់រំបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះបានប្រកាសពីថ្ងៃឈប់សម្រាកដល់ សិស្ស-និស្សិត ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន គ្រប់កម្រិតសិក្សា រយៈពេល២៩ថ្ងៃចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រ ដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងនោះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេស ផ្នែកសាធារណៈទាំងអស់អនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។
សម្រាប់គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ផ្នែកឯកជន រួមទាំងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន ឈប់សម្រាកចាប់ពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕










