កាលពីថ្ងៃទី២០ ខែមីនា កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធនឹងប្រធានបទស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហើយនៅក្នុងកិច្ចប្រជុំនេះ មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសសហរដ្ឋអាមេរិកថា លម្អៀងក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ហើយដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ។
លោក Geng Shuang មន្ត្រីចិនប្រចាំអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ គួរតែបង្ហាញសញ្ញាវិជ្ជមានរបស់ខ្លួន ដោយជំរុញឱ្យប្រទេសកូរ៉េខាងជើងយល់ព្រមចរចាគ្នា ដើម្បីធ្វើឱ្យស្ថានការណ៍នេះល្អប្រសើរឡើង ។
លោក Geng Shuang បានលើកឡើងថា បញ្ហាការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ អាមេរិកបានហាមឃាត់ប្រទេសកូរ៉េខាងជើង ប៉ុន្តែអាមេរិកបែរជាបញ្ជូនអាវុធនុយក្លេអ៊ែរទៅឱ្យប្រទេសអូស្ត្រាលីទៅវិញ ។ ដូច្នេះ វាបង្ហាញឱ្យឃើញថា អាមេរិកលម្អៀងខ្លាំងណាស់ ។
លោកក៏បានអំពាវនាវឱ្យប្រទេសនានាស្តាប់សំឡេងរបស់សហគមន៍អន្តរជាតិ និងប្រទេសនៅក្នុងតំបន់ផងដែរ ។ លើសពីនេះ លោកបានស្នើសុំឱ្យប្រទេសទាំងអស់លះបង់ចោលនូវគំនិតសង្គ្រាមត្រជាក់ និងនយោបាយជាក្រុម ។ លោក Geng Shuang និយាយថា ៖ «គួរតែធ្វើតាមការសន្យាពីការបញ្ឈប់ការរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួន និងលុបចោលកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងកំណត់ទិសដៅត្រឹមត្រូវមួយដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ» ៕
ប្រភព ៖ China face










