ក្រុមហ៊ុន Amazon.com Inc បានប្រកាសកាលពីថ្ងៃទី២០ ខែមីនា កន្លងមកថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន៩.០០០នាក់ ។ នេះជាការកាត់បន្ថយបុគ្គលិកជាលើកទី២ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនេះ ស្របពេលមានវិបត្តិសេដ្ឋកិច្ច ។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រួមទាំង Microsoft Corp, Salesforce Inc និង Alphabet and Meta Platforms បាននាំគ្នាកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ខណៈក្រុមហ៊ុនទាំងនេះបានជួលបុគ្គលិកជាច្រើននាក់ ។ ចំណែក Amazon បានដើរតាមក្រោយ Meta ជាក្រុមហ៊ុនមេរបស់ Facebook ដែលបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅឆ្នាំ២០២៣ ។
លោក Andy Jesse នាយកប្រតិបត្តិ ឬ CEO របស់ Amazon ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោកបានបន្ថែមបុគ្គលិកជាច្រើននាក់ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពេលនេះមិនស្ថិតស្ថេរ ទើបធ្វើឱ្យក្រុមហ៊ុនត្រូវកាត់បន្ថយដើមទុន និងកាត់បន្ថយបុគ្គលិក ហើយក្រុមហ៊ុននឹងកាត់បុគ្គលិកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និង twitter ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក Amazon បានប្រកាសថា ប្រាក់ចំណូលអាចបន្តធ្លាក់ចុះនៅត្រីមាសបច្ចុប្បន្ន ដោយសាររងផលប៉ះពាល់ពីផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ហើយអតិថិជនក៏កាត់បន្ថយការចំណាយរបស់ពួកគេផងដែរ ។
មុននេះ ក្រមហ៊ុន Meta Platforms បានបញ្ជាក់ថា នឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន១ម៉ឺននាក់នៅឆ្នាំ២០២៣ ខណៈក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកជាលើកដំបូងជាង១ម៉ឺន១ពាន់នាក់ ៕
ប្រភព ៖ TNN World










