ប្រទេសកូរ៉េខាងជើង ៖ កាសែតរបស់កូរ៉េខាងជើងឈ្មោះ Rodong Sinmun បានរាយការណ៍កាលពីថ្ងៃទី១៨ ខែមីនាថា ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១៧ ខែកុម្ភៈ មាននិស្សិត និងពលរដ្ឋកូរ៉េខាងជើងប្រមាណ៨០ម៉ឺននាក់នៅទូទាំងប្រទេស បាននាំគ្នាមកស្ម័គ្រចិត្តធ្វើកងទ័ពដើម្បីត្រៀមកម្លាំងទប់ទល់នឹងអាមេរិក ។ កូរ៉េខាងជើងបានអះអាងបែបនេះ ក្រោយពីកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប ឬ ICBM «Hwasong-17» កាលពីថ្ងៃ១៦ ខែកុម្ភៈ កន្លងមក ដើម្បីឆ្លើយតបនឹងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ។
កាលពីថ្ងៃ១៦ ខែកុម្ភៈ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ធ្លាក់នៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន ក្រោយពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol ប្រកាសថា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida អំពីវិធីទប់ទល់ជាមួយកូរ៉េខាងជើង ដែលគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមឃាត់ការអភិវឌ្ឍគម្រោងមីស៊ីល និងការសាកល្បងមីស៊ីល ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បាននាំគ្នាថ្កោលទោស ។
ចំណែកកូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធកងទ័ពរួមគ្នារយៈពេល១១ថ្ងៃ ក្រោមឈ្មោះថា «Freedom Shield 23» កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមក ។ ការធ្វើសមយុទ្ធរួមគ្នានេះ គឺជាការធ្វើសមយុទ្ធដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែកើនឡើងពីកូរ៉េខាងជើង ។ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានចោទប្រកាន់អាមេរិក និងកូរ៉េខាងត្បូងថា ប្រទេសទាំងពីរធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ។ កូរ៉េខាងជើងតែងតែឆ្លើយតបភ្លាមៗនឹងអ្វីដែលខ្លួនមើលឃើញថា អាមេរិកបង្កឱ្យកើតជម្លោះ និងគំរាមកំហែងកូរ៉េខាងជើង ។
បណ្តាអ្នកជំនាញលើកឡើងថា ក្រៅពីការធ្វើសមយុទ្ធកងទ័ពរួមគ្នា និងកិច្ចប្រជុំកំពូលនាពេលខាងមុខរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន កូរ៉េខាងជើងក៏បានជំទាស់នឹងគម្រោងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ដែលនឹងទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា នៅសេតវិមាននៅខែមេសា ឆ្នាំ២០២៣ ៕ ប្រភព ៖ TNN World










