ប្រទេសកូរ៉េខាងត្បូង ៖ អភិបាលក្រុងសេអ៊ូល លោក Oh Se-HunOh Se-Hun បានថ្លែងទៅកាន់សារព័ត៌មានរ៉យទ័រថា លោកគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីអាចទប់ទល់នឹងការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ។
ក្រៅពីនេះ លោក Oh Se-Hun បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង នឹងជាការផ្ញើសារទៅកាន់ប្រទេសផ្សេងៗដូចជា ចិន ឱ្យមើលឃើញពីភាពសំខាន់នៃការគ្រប់គ្រងអាវុធ ។ លោកថ្លែងថា ៖ «យើងបានដើរមកដល់ចំណុចដែលពិបាកក្នុងការបញ្ចុះបញ្ចូលមនុស្សពីហេតុផលនេះថា តើយើងគួរតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនឬអត់» ។
ការលើកឡើងរបស់លោក Oh Se-Hun នាពេលនេះ ធ្វើឱ្យមានការជជែកគ្នានៅក្នុងសង្គមកូរ៉េខាងត្បូងម្តងទៀតថា តើកូរ៉េខាងត្បូងគួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឬអត់ ខណៈកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួនកាន់តែខ្លាំងក្លា ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយលុកមកលើកូរ៉េខាងត្បូង ។
តាមការស្ទង់មតិការយល់ឃើញពីពលរដ្ឋកូរ៉េខាងត្បូងកាលពីថ្ងៃទី១ ខែមីនា កន្លងមក បង្ហាញថា មានពលរដ្ឋជាង៧០% បានគាំទ្រឱ្យប្រទេសកូរ៉េខាងត្បូងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដោយខ្លួនឯង ខណៈ២៧% ទៀតមិនយល់ស្របនឹងគំនិតនេះទេ ។ ក្រៅពីនេះ មានពលរដ្ឋកូរ៉េខាងត្បូង៥៩% ជឿជាក់ថា បើមានការប្រយុទ្ធគ្នាកើតឡើងនៅតំបន់ឧបទ្វីបកូរ៉េមែននោះ គឺកូរ៉េខាងជើងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសមរភូមិជាមិនខាន ៕
ប្រភព ៖ TNN World










