សហរដ្ឋអាមេរិក ៖ បណ្តាញផ្សព្វផ្សាយសង្គមពេញនិយមនានាដូចជា Instagram, Facebook និង Snapchat បានក្លាយជាគោលដៅមួយដែលពលរដ្ឋអាមេរិកកំពុងស្វែងរកវិធីលុបកម្មវិធីទាំងនេះចេញពីទូរស័ព្ទដៃរបស់ពួកគេ ក្នុងរយៈពេល៦ខែកន្លងមក ។ ជាក់ស្តែង មានពលរដ្ឋអាមេរិកជាច្រើននាក់បានស្វែងរកវិធីលុបកម្មវិធី Instagram ចំនួនជាង៩០ម៉ឺនដង បន្ទាប់មក ពួកគេបានស្វែងរកវិធីលុប Facebook ចេញពីទូរស័ព្ទដៃ ចំនួន៣៨ម៉ឺន៥ពាន់ដងផងដែរ ។
តាមការវិភាគរបស់វែបសាយ keywordtool.io និងទិន្នន័យពីវែបសាយស្រដៀងគ្នានេះ អំពីការស្វែងរកវិធីលុបបណ្តាញសង្គមនានាចេញពីទូរស័ព្ទដៃ គេសង្កេតឃើញថា មានកម្មវិធីចំនួន៥ ដែលពលរដ្ឋអាមេរិកបានស្វែងរកច្រើនបំផុត ដូចជា ៖
១-Instagram (៩០០.១២០ដង)
២-Facebook (៣៨៥.៤១០ដង)
៣-Snapchat (២១៧.៤០០ដង)
៤-Twitter (៩២.៤៩០ដង)
៥-Telegram (២៤.៨១៩ដង)
គេចាត់ទុកថា វាជារឿងគួរឱ្យភ្ញាក់ផ្អើលណាស់ ពីព្រោះ Instagram គឺជាកម្មវិធីមួយដែលគេបានដោនឡូតច្រើនបំផុតក្នុងលំដាប់ទី២ នៅឆ្នាំ២០២២ ដោយមានការដោនឡូតកម្មវិធីនេះជាង៥៤៨លានដងនៅទូទាំងពិភពលោក ខណៈការដោនឡូត TikTok មានចំនួន៦៧២លានដង ។
កាលពីឆ្នាំ២០២២ កន្លងមក ចំនួនការប្រើប្រាស់បណ្តាញសង្គមបានថយចុះក្នុងចំណោមពលរដ្ឋអាមេរិកបង្ហាញឱ្យឃើញថា ពួកគេកាន់តែមិនទុកចិត្តបណ្តាញសង្គមនានាដូចជា ផ្សព្វផ្សាយព័ត៌មានមិនពិត ការគំរាមកំហែងតាមអ៊ិនធើរណេត និងការបារម្ភពីរឿងផ្ទាល់ខ្លួនជាដើម ។ លើសពីនេះ ពលរដ្ឋអាមេរិកមួយចំនួនបារម្ភពីការលេងបណ្តាញសង្គមធ្វើឱ្យយុវវ័យមានសុខភាពផ្លូវចិត្ត និងការសិក្សាធ្លាក់ចុះ ។
តាមការស្ទង់មតិទៅលើយុវវ័យរបស់ Pew Center បង្ហាញថា ៥៤% ឆ្លើយថា វាជារឿងលំបាកដែលឱ្យពួកគេឈប់ប្រើប្រាស់បណ្តាញសង្គម ហើយ៤៦% ឆ្លើយថា វាងាយស្រួលក្នុងការបោះបង់បណ្តាញសង្គម ខណៈ២០%ទៀតឆ្លើយថា ងាយស្រួលណាស់ បើពួកគេចង់បោះបង់បណ្តាញសង្គមចោល ។ ក្នុងការស្ទង់មតិដូចគ្នានេះ យុវវ័យ៦២% ឆ្លើយថា ពួកគេបានប្រើប្រាស់ Instagram ហើយមានតែ៣២%ប៉ុណ្ណោះឆ្លើយថា បានប្រើប្រាស់ Facebook ៕
ប្រភព ៖ The standard










