ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៧ ខែមីនា កន្លងមក AFP រាយការណ៍ថា អ្នកនាង គីម យ៉ូជុង ជាប្អូនស្រីរបស់មេដឹកនាំដ៏មានឥទ្ធិពលនៅកូរ៉េខាងជើង លោក គីម ជុងអ៊ុន លើកឡើងថា បើអាមេរិករារាំងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក គឺចាត់ទុកថា ជាការប្រកាសសង្គ្រាម ។ កូរ៉េខាងជើងបានប្រកាសបែបនេះ ក្រោយពីអាមេរិក និងកូរ៉េខាងត្បូងមានផែនការធ្វើសមយុទ្ធរួមគ្នាធំបំផុតនៅខែមីនា ឆ្នាំ២០២៣ ក្នុងរយៈពេល៥ឆ្នាំ ។

អ្នកនាង គីម យ៉ូជុង លើកឡើងថា មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់អាមេរិក ឬជប៉ុនទេ ហើយប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ដោយកូរ៉េខាងជើងបានប្រុងប្រៀបខ្លួនគ្រប់ពេលទាំងអស់ ។

ចំណែកក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អាមេរិកថា មានចេតនាធ្វើឱ្យស្ថានភាពកាន់តែតានតឹង ដោយសារការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយកូរ៉េខាងត្បូង ។ ដូច្នេះ វាបង្ហាញយ៉ាងច្បាស់ថា អាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងជាមួយកូរ៉េខាងជើង និងចង់បង្កើតសង្គ្រាម ។ លើសពីនេះ កូរ៉េខាងជើងបានបង្ហាញការសោកស្តាយពីការខ្វះភាពទទួលខុសត្រូវ និងបារម្ភពីការពង្រីកអំណាចរបស់អាមេរិក ។

គួរបញ្ជាក់ថា អាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាចាប់ពីថ្ងៃទី៦ ខែមីនា កន្លងមក ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52H របស់អាមេរិក ដែលវាអាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធរួមគ្នាផ្សេងទៀតផងដែរ ។

ប្រទេសសម្ព័ន្ធមិត្តទាំងពីរបានបង្កើនកិច្ចសហការផ្នែកការពារជាតិ ដោយបានធ្វើសមយុទ្ធផ្នែកកងទ័ពដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើងកាន់តែកើនឡើង ខណៈកូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលជាច្រើនលើកក្នុងរយៈពេល២-៣ខែកន្លងមក ។ កូរ៉េខាងជើងបញ្ជាក់ថា គម្រោងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គឺដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយមានប្រតិកម្មយ៉ាងខ្លាំងនឹងការធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងនិយាយថា ជាការធ្វើសមយុទ្ធទាំងបំពាន ៕ ប្រភព ៖ khaosod