អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានដាស់តឿនថា គោលដៅរបស់ពិភពលោកពាក់ព័ន្ធនឹងសមភាពយេនឌ័រ គឺកាន់តែឆ្ងាយទៅទៀត ហើយអាចត្រូវការពេលវេលារហូតដល់៣០០ឆ្នាំឯណោះ ទើបបុរស និងស្ត្រីមានសមភាពយេនឌ័រ ខណៈបច្ចុប្បន្ននេះ សិទ្ធិស្ត្រីនៅជុំវិញពិភពលោកបានបាត់បង់បន្តិចម្តងៗ ។

លោក Antonio Guterres បានថ្លែងក្នុងកិច្ចប្រជុំសន្និបាតទូទៅពាក់ព័ន្ធនឹងទិវាសិទ្ធិនារី ៨ មីនា ថា ៖ «គោលដៅឱ្យមានភាពស្មើគ្នាខាងផ្លូវភេទបានបាត់បង់ជាបន្តបន្ទាប់ ដោយអង្គការស្ត្រីនៃអង្គការសហប្រជាជាតិ (UN Women) បានវាយតម្លៃពីស្ថានភាពបច្ចុប្បន្នថា គេអាចត្រូវការរយៈពេល៣០០ឆ្នាំទៀតទើបបុរស និងស្ត្រីមានសមភាពយេនឌ័រ» ។

លោកបន្តថា ៖ «សិទ្ធិរបស់ស្ត្រីកំពុងត្រូវបានគេបៀតបៀន គំរាមកំហែង និងរំលោភបំពាននៅលើពិភពលោក» ។ លោក Antonio Guterres បានលើកពីហេតុការណ៍ផ្សេងៗដែលស្ត្រីត្រូវប្រឈមដូចជា ការស្លាប់របស់ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ ឬក្រោយការសម្រាលកូន (Maternal Mortality) ។ លើសពីនេះ មានក្មេងស្រីជាច្រើននាក់បានបោះបង់ការសិក្សា និងត្រូវគេបង្ខំឱ្យរៀបការទាំងវ័យក្មេង ។

ក្រៅពីនេះ លោក Antonio Guterres បានផ្តោតទៅលើស្ថានភាពដ៏សោកសៅរបស់ស្ត្រីនៅប្រទេសអាហ្វហ្គានីស្ថាន ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ។ ពួកគេបានបំបាត់សិទ្ធិជាខ្លាំងក្នុងការរស់នៅរបស់ស្ត្រី និងក្មេងៗ ហើយមានសេចក្តីរាយការណ៍ថា ពួកគេមិនឱ្យស្ត្រីមានឱកាសបានសិក្សារៀនសូត្រទេ ខណៈប្រទេសជាច្រើនទៀតនៅលើពិភពលោក ស្ត្រីត្រូវប្រឈមនឹងការដកហូតសិទ្ធិផ្លូវភេទរបស់ពួកគេ និងសិទ្ធិបន្តពូជ ។ លើសពីនេះ នៅប្រទេសមួយចំនួនទៀត ក្មេងស្រីត្រូវបានគេចាប់ខ្លួន ឬរំលោភ ខណៈពេលពួកគេធ្វើដំណើរទៅសាលារៀន ។

នៅក្នុងកិច្ចប្រជុំ លោក Antonio Guterres បានអំពាវនាវទៅកាន់រដ្ឋាភិបាល សង្គមស៊ីវិល និងផ្នែកឯកជននៅទូទាំងពិភពលោកថា គួររួមសហការគ្នាបង្កើតប្រព័ន្ធអប់រំស្មើភាពរវាងបុរស និងស្ត្រី ព្រមទាំងអភិវឌ្ឍន៍ជំនាញសម្រាប់ពួកគេ ក៏ដូចជាបង្កើនកម្រិតការវិនិយោគដើម្បីកាត់បន្ថយការបែងចែកសមភាពយេនឌ័រ ។ លោកលើកឡើងថា អង្គការសហប្រជាជាតិនឹងគាំទ្រស្ត្រី និងក្មេងស្រីទាំងអស់នៅទូទាំងពិភពលោក ៕ ប្រភព ៖ The standard










