ប្រទេសឥណ្ឌា ៖មន្ត្រីរដ្ឋាភិបាលអាមេរិកបង្ហាញថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២ ខែមីនា កន្លងមក ។ ការជួបគ្នានេះ ស្របពេលស្ថានការណ៍កំពុងតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ ខណៈរុស្ស៊ីបានសម្រេចចិត្តបញ្ជូនកងទ័ពទៅវាយលុកអ៊ុយក្រែនកាលពី១ឆ្នាំមុន រហូតដល់ការសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងគ្រាប់នុយក្លេអ៊ែរ New START របស់រុស្ស៊ីកាលពីពេលថ្មីៗនេះ ។
តាមប្រភពព័ត៌មានពីមន្ត្រីដែលបានអមដំណើរជាមួយលោក Blinken លើកឡើងថា លោក Blinken ជាមួយលោក Lavrov បានជជែកគ្នារយៈពេលខ្លីៗប្រមាណ១០នាទី ហើយក្នុងការជជែកគ្នានេះ លោក Blinken បានអំពាវនាវឱ្យរុស្ស៊ីដោះលែង Paul Whelan ជនជាតិអាមេរិក ដែលត្រូវបានគេឃុំខ្លួននៅរុស្ស៊ី រួមទាំងសូមឱ្យទីក្រុងមូស្គូចូលរួមក្នុងសន្ធិសញ្ញា New START ជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរតែមួយគត់ ដែលនៅសល់រវាងប្រទេសអាមេរិកជាមួយរុស្ស៊ី ។
ក្រៅពីនេះ លោក Blinken ក៏បានផ្តោតទៅលើគោលជំហរនយោបាយរបស់អាមេរិកថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ការគាំទ្រអ៊ុយក្រែនបន្តទៀត ខណៈពេលមុននេះ មន្ត្រីផ្នែកគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តបញ្ជូនរថក្រោះចម្បាំងទៅកាន់អ៊ុយក្រែនដើម្បីតស៊ូក្នុងសមរភូមិ រួមទាំងអនុម័តផ្តល់ការគាំទ្រអាវុធ និងប្រាក់ជំនួយបន្ថែមទៀត ។ ក្រៅពីនេះ អាមេរិកក៏បានអំពាវនាវតាមរយៈអង្គការសហប្រជាជាតិ ដើម្បីឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនជាបន្ទាន់ ។
គួរបញ្ជាក់ថា ការជួបគ្នាលើកចុងក្រោយរវាងលោក Blinken និងលោក Lavrov គឺមុនហេតុការណ៍កងទ័ពរុស្ស៊ីចូលឈ្លានពានទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក ៕
ប្រភព ៖ thestandard
រក្សាសិទ្ធដោយ KBN News










