ប្រទេសក្រិក ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍រថភ្លើងបុកគ្នានៅប្រទេសក្រិក កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក បានកើនឡើងដល់៤៣នាក់ហើយ រីឯអ្នករងរបួសមានចំនួន៨៥នាក់ ។ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិកថ្លែងថា មូលហេតុនៃគ្រោះថ្នាក់នេះអាចមកពីកំហុងឆ្គងរបស់មនុស្ស ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ទេ ដោយត្រូវរង់ចាំការស៊ើបអង្កេតបន្ថែមទៀត ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ មានហេតុការណ៍រថភ្លើងដឹកអ្នកដំណើរពីក្រុង Athens សំដៅទៅក្រុង Thessaloniki ស្ថិតនៅភាគខាងជើងប្រទេស បានបុកគ្នាជាមួយរថភ្លើងមួយខ្សែទៀតដែលដឹកទំនិញក្នុងផ្លូវដែកតែមួយនៅបរិវេណជាយក្រុង Larissa ភាគកណ្តាលប្រទេសក្រិក ខណៈរថភ្លើងទាំងពីរបើកបរក្នុងល្បឿនលឿន បណ្តាលឱ្យកើតភ្លើងឆេះទូររថភ្លើងជាច្រើន និងមានអ្នករងរបួសដោយសាររលាកភ្លើងផងដែរ ។ សារព័ត៌មានក្នុងស្រុករាយការណ៍ថា មានមនុស្សប្រមាណ៣៥០នាក់បានធ្វើដំណើរតាមរថភ្លើងនេះ ហើយភាគច្រើនជាសិស្ស ។
បន្ទាប់ពីមានគ្រោះថ្នាក់រថភ្លើងបុកគ្នានេះ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ក្រិក លោក Kostas Karamanlis បានប្រកាសលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះហេតុការណ៍នេះ លោកបញ្ជាក់ថា ៖ «នៅពេលមានហេតុការណ៍សោកនាដកម្មកើតឡើងគួរឱ្យតក់ស្លុត យើងមិនអាចធ្វើការបន្តទៀត ហើយធ្វើពុធថា មិនដឹងរឿងនេះទេ» ។
ជាមួយគ្នានេះ អាជ្ញាធរបានចាប់ខ្លួនម្ចាស់ស្ថានីយរថភ្លើងដែលមានអាយុ៥៩ឆ្នាំ ខណៈម្ចាស់ស្ថានីយរូបនេះមានតួនាទីទទួលខុសត្រូវពិនិត្យមើលសញ្ញារថភ្លើង ករណីមិនប្រយ័ត្នក្នុងការងារបណ្តាលឱ្យកើតរថភ្លើងបុកគ្នាមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ ទោះយ៉ាងណា បុរសរូបនេះបដិសេធថា ខ្លួនមិនបានធ្វើខុសទេ ហើយនិយាយថា គ្រោះថ្នាក់នេះកើតឡើងព្រោះកំហុសបច្ចេកទេស ។
មេដឹកនាំក្រិកបានថ្លែងក្រោយពីចុះទៅពិនិត្យមើលការខូចខាតក្នុងចំណុចកើតហេតុថា វាជាកំហុសឆ្គងរបស់មនុស្ស ហើយភាពយុត្តិធម៌នឹងធ្វើតួនាទីរបស់វា ។ អ្នកប្រព្រឹត្តខុសត្រូវតែទទួលខុសត្រូវ ហើយរដ្ឋាភិបាលនឹងនៅខាងពលរដ្ឋ ។
ចំណែកសហជីពការងារនិយាយថា មូលហេតុនៃការបុកគ្នាបណ្តាលមកពីកត្តាជាច្រើន ហើយសំខាន់ គឺគ្រោះថ្នាក់នេះបានបង្ហាញឱ្យឃើញពីភាពសាំញ៉ាំក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែក មិនថាការខ្វះខាតបុគ្គលិក សញ្ញារថភ្លើងមិនទៀងទាត់ និងឧបករណ៍ហួសសម័យ ។ មន្ត្រីក្រិកបានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ សម្រាប់អ្នកស្លាប់ គឺចាប់ពីថ្ងៃទី១ ខែមីនា តទៅ ៕
ប្រភព ៖ thestandard










