ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ថៃមានគម្រោងស្នើដាក់ក្រមា ដែលជាក្រណាត់ចម្រុះពណ៌របស់ថៃ (Multifunctional cloths in Thai life) ទៅក្នុងបញ្ជីឈ្មោះតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិរបស់អង្គការយូណេស្កូ ហើយឱ្យអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ក្នុងឋានៈជាលេខាធិការនៃគណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ជាអ្នកចុះឈ្មោះក្នុងឯកសារសម្រាប់បញ្ជូនទៅកាន់យូណេស្កូ ។
សំណើនេះ ស្របតាមប្រទេសថៃបានចូលជាសមាជិកក្នុងអនុសញ្ញាការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌អរូបី (Convention for the Safeguarding of the Intangible Cultural Heritage) ។ តាមអនុសញ្ញានេះ បានអនុញ្ញាតឱ្យប្រទេសជាសមាជិកអាចស្នើដាក់អ្វី ដែលជាតំណាងបេតិកភណ្ឌវប្បធម៌របស់ខ្លួនទៅកាន់យូណេស្កូ ។ កន្លងមក ថៃបានបង្ហាញបញ្ជីបេតិកភណ្ឌវប្បធម៌ និងចុះបញ្ជីដោយអង្គការយូណេស្កូ ដូចជា នៅឆ្នាំ២០១៨ បានចុះឈ្មោះល្ខោនខោលថៃ, ឆ្នាំ២០១៩ បានចុះឈ្មោះម៉ាស្សាថៃ និងឆ្នាំ២០២១ បានចុះឈ្មោះរបាំ Nora ជាដើម ។
អ្នកនាង Traisulee ថ្លែងថា មុននឹងស្នើទៅកាន់អង្គការយូណេស្កូលើកនេះ គណៈកម្មាធិការផ្សព្វផ្សាយ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី បានពិចារណាពីគុណតម្លៃរបស់ក្រមាជាច្រើនផ្នែក មិនថាតម្លៃ និងសារសំខាន់របស់វាចំពោះរបៀបរស់នៅរបស់ពលរដ្ឋ ។ ក្រមា គឺជាក្រណាត់មានក្រឡារាងជ្រុង មានទទឹងពី៦០-៨០សង់ទីម៉ែត្រ និងបណ្តោយប្រវែងពី១២០-១៨០សង់ទីម៉ែត្រ ហើយវាត្រូវបានគេប្រើប្រាស់ជាប្រយោជន៍នៅគ្រប់តំបន់ និងសហគមន៍ទូទាំងប្រទេស ។
ក្រមានីមួយៗមានពណ៌ខុសៗគ្នាទៅតាមតំបន់ ហើយគេអាចប្រើប្រាស់វាជាប្រយោជន៍បានច្រើន ងាយស្រួល និងពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋក្នុងផ្នែកជាច្រើន ទាំងការប្រើប្រាស់ក្នុងក្រុមគ្រួសារ និងផ្លាស់ប្តូរគ្នាទៅវិញទៅមកក្នុងភូមិ រហូតអាចយកវាធ្វើជារង្វាន់ និងប្រើក្នុងកម្មវិធីផ្សេងៗផងដែរ ។ លើសពីនេះ មានភស្តុតាងក្នុងប្រវត្តិសាស្ត្របង្ហាញថា ក្រមាមានតាំងពីសម័យឈៀងសែនរហូតដល់បច្ចុប្បន្ន តាមរយៈការកែលម្អ និងអភិវឌ្ឍន៍គុណភាពសម្រាប់ប្រើជាប្រយោជន៍បានច្រើន ។
អ្នកនាង Traisulee ថ្លែងបន្តថា ក្រមាមានរូបរាងស្របតាមបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃ ទាំងការរស់នៅក្នុងសង្គម កម្មវិធីនានា ពិធីបុណ្យ ចំណេះដឹង និងសកម្មភាពទាក់ទងនឹងធម្មជាតិ ។ វាបានឆ្លុះបញ្ចាំងពីជីវិតបែបសាមញ្ញ និងនិរន្តរភាព ខណៈក្រមាមួយផ្ទាំង គេអាចប្រើប្រាស់វាបានច្រើនយ៉ាង រហូតដល់ប្រើក្នុងផ្នែកសិប្បកម្មប្រពៃណីទៀតផង ។
ក្រៅពីនេះ ការស្នើអង្គការយូណេស្កូដាក់ក្រមាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នឹងជួយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃបេតិកភណ្ឌវប្បធម៌ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរមតិយោបល់ឆ្ពោះទៅរកការឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ក្នុងពិភពលោក និងបង្ហាញឱ្យឃើញពីភាពច្នៃប្រឌិតរបស់ពលរដ្ឋថៃផងដែរ ៕
ប្រភព ៖ MorningNews










