ទីក្រុងប៊្រុចសែល៖ ការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែ ធ្វើឲ្យសហភាពអឺរ៉ុប បង្កើនសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីកាត់ផ្ដាច់មូលនិធិផ្គត់ផ្គង់ ដល់សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ហើយឥឡូវ ប្លុកសេរីមួយនេះ កំពុងតែពង្រីកគម្រោង កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នបន្ថែមទៀត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ថា ក្រុមរដ្ឋមន្រ្ដីក្រសួងថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ប្លុកសេរីមួយនេះ កំពុងតែរៀបចំគម្រោង ពង្រីកនូវវិធានការនានា កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័នរបស់ខ្លួន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ។
ជាមួយនឹងការប្រឈមមុខនឹងការចំណាយលើថាមពល បានកើនឡើង ក្រោយពេលកម្លាំងទាហានរុស្ស៊ី បានចូលឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក សហភាពអឺរ៉ុប ដែលមានសមាជិក ចំនួន២៧ប្រទេស កាលពីខែកក្កដា ឆ្នាំ២០២២ បានយល់ព្រម កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន ចំនួន១៥ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣។
បើតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប Eurostat បានឲ្យដឹង ថា ការប្រើប្រាស់ឧស្ម័ន ឬ ហ្កាស នៅក្នុងប្លុកសេរីមួយនេះ បានធ្លាក់ចុះ រហូតដល់១៩,៣ភាគរយ ចន្លោះពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ បើធៀបនឹងអំឡុងពេលដូចគ្នា ចន្លោះពីឆ្នាំ២០១៧ ដល់២០២២។
លោក កាឌ្រី ស៊ីមសុន (Kadri Simson) ស្នងការថាមពលរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា បទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានអនុម័ត កាលពីឆ្នាំ២០២២ នឹងផុតកំណត់ នៅចុងខែមីនា ឆ្នាំ២០២៣។ គណៈកម្មការនេះ នឹងពិចារណា លើការបន្តកាត់បន្ថយនូវតម្រូវការ។ ចំណែករដ្ឋជាសមាជិក នឹងព្រមព្រៀងលើគោលដៅថ្មីណាមួយ ចំពោះការកាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន នៅក្នុងរដូវរងារ នាឆ្នាំក្រោយ ដោយសារតែអាល្លឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេ នៅក្នុងសហភាពអឺរ៉ុប កំពុងតែអំពាវនាវ ឲ្យកំណត់គោលដៅ កាត់បន្ថយការប្រើប្រាស់ឧស្ម័ន លើសពីជាង១៥ភាគរយ៕










