យោងតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានឱ្យដឹងថាតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយកញ្ញា តន់ ចន្ទសីមា នឹងច្រៀងបទចម្រៀងផ្លូវការសម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជុំវិញរឿងនេះឯកឧត្តម មិនទាន់បានប្រាប់អំពីចំណងជើងបទចម្រៀងនៅឡើយនោះទេ។
តន់ ចន្ទសីម៉ា ជាតារាស្រីជួរមុខនាពេលបច្ចុប្បន្ន របស់ផលិត Galaxy Navatra ដែលធ្លាប់ជាកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងកម្មវិធី The Voice Cambodia កាលពីប៉ុន្មានឆ្នាំមុន។ ឥឡូវនេះ កញ្ញាបានមានឱកាសច្រៀងចម្រៀងរួមគ្នាជាមួយអតីតគ្រូ ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រអន្ទះសារចង់ស្តាប់បទមួយនេះថែមទៀត។
ជាពិសេសទៀតនោះ អ្នកគាំទ្រក៏ចង់ស្តាប់សំនៀងដ៏ពិរោះរណ្តំរបស់លោក ឧកញ៉ា ព្រាប សុវត្ថិ ផងដែរ ដោយលោកឧកញ៉ា ហាក់ស្ងាត់មិនសូវបញ្ចេញបទនូវមួយរយៈចុងក្រោយនេះ
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ នៅសល់ពេលមិនដល់៦៥ថ្ងៃទៀតនោះទេ ពោលព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃ៥ ខែឧសភា ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕










