ប្រទេសបារាំង ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងធ្វើដំណើរទៅប្រទេសចិនជាផ្លូវការនៅខែមេសា ឆ្នាំ២០២៣ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង អំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ។
ការប្រកាសពីគម្រោងធ្វើដំណើរនេះ ក្រោយពីរដ្ឋាភិបាលចិនប្រកាសគោលជំហររបស់ខ្លួនអំពីវិបត្តិនៅអ៊ុយក្រែន តាមរយៈផែនការសន្តិភាព១២ចំណុចកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក ។ ចិនបង្ហាញថា ចិនគាំទ្រការចរចាសន្តិភាព ព្រមទាំងបញ្ជាក់ថា អធិបតេយ្យភាពនៃប្រទេសទាំងអស់ក្នុងសហគមន៍ពិភពលោក ចាំបាច់ត្រូវទទួលបានការគោរព ហើយចិនក៏ប្រឆាំងនឹងការប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនេះផងដែរ ។
លោក Macron បញ្ជាក់ថា ពិតណាស់ថា ប្រទេសចិនកំពុងគាំទ្រសន្តិភាពនោះវាជារឿងល្អ ហើយសន្តិភាពនឹងកើតឡើងបាន បើកងទ័ពរុស្ស៊ីឈប់ចូលឈ្លានពានអ៊ុយក្រែន មានការដកកងកម្លាំងទ័ពពីអ៊ុយក្រែន រួមទាំងបូរណភាពទឹកដី និងសំឡេងរបស់ពលរដ្ឋអ៊ុយក្រែនទទួលបានការការពារ ។ លោក Macron ថ្លែងថា ៖ «ចិនចាំបាច់ត្រូវជួយយើងដាក់សម្ពាធលើរុស្ស៊ី ដើម្បីមិនឱ្យមានការប្រើអាវុធគីមី ឬអាវុធជីវសាស្ត្រកើតឡើង ថែមទាំងបញ្ឈប់ការឈ្លានពាន និងគួរតែជាលក្ខខណ្ឌមួយសម្រាប់ការចរចាគ្នា» ។
ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានយល់ស្របនឹងផែនការសន្តិភាពរបស់ចិន ព្រមទាំងបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនចាំបាច់ត្រូវសហការជាមួយចិន ដើម្បីធ្វើឱ្យសង្គ្រាមលើកនេះបញ្ចប់ ។ មេដឹកនាំអ៊ុយក្រែនក៏ត្រូវការពិភាក្សាជាមួយលោក ស៊ី ជិនពីង ផងដែរ ហើយការពិភាក្សាគ្នានេះនឹងមានសារសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខពិភពលោក ប៉ុន្តែជាដំបូងនេះ នៅមិនទាន់មានការបញ្ជាក់ពីការកំណត់ថ្ងៃជួបគ្នាជាផ្លូវការនៅឡើយទេ ។
Andy Mock អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំ Center for China and Globalization ចង្អុលបង្ហាញថា ចិនចាត់ទុកថា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំនៅលើពិភពលោក ដូច្នេះ ការជួយបញ្ចប់សង្គ្រាមលើកនេះ នឹងជាផលប្រយោជន៍សម្រាប់ចិន រួមទាំងផ្នែកផ្សេងទៀតនៅសហគមន៍ពិភពលោកយ៉ាងពិតប្រាកដ ៕ ប្រភព ៖ Thestandard










