រដ្ឋធានីប៊ីសកេក (Bishkek)៖ អ្នកទោសជាប្រជាជាតិអាស៊ីកណ្ដាលមួយចំនួន បានចុះកុងតែទៅចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកម្លាំងការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ នៅលើទឹកដីរបស់អ៊ុយក្រែន ដោយសារក្ដីសង្ឃឹម ថា នឹងមានឱកាសកសាងជីវិតថ្មី ប៉ុន្ដែនៅទីបំផុត ពួកគេមានវាសនា ត្រឹមតែបញ្ជូនសាកសព ត្រឡប់ទៅជួបប្រពន្ធកូន និង ក្រុមគ្រួសារ។
សារព័ត៌មាន Radio Free Europe បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ថា ជនជាតិគីជីស្ថាន (Kyrgyzstan) យ៉ាងតិចចំនួន៤គ្រួសារ កាលពីខែមុន បានអះអាង ថា សាច់ញាតិរបស់ពួកគេ បានស្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែន ក្រោយពេលក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានជ្រើសរើសអ្នកទោស ចេញពីពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្ដែរហូតមកដល់ពេលនេះ ជនជាតិអាស៊ីកណ្ដាល រាប់សិបគ្រួសារ បានទទួលសាកសពរបស់មនុស្សជាទីស្រឡាញ់របស់ពួកគេ ដែលបានស្លាប់នៅក្នុងការចូលរួមជាមួយនឹងកងទ័ពរុស្ស៊ី វាយប្រយុទ្ធនៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ក្រុងមូស្គូ ទៅលើប្រទេសជិតខាងមួយនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។
បើតាមតាមក្រុមគ្រួសារ បានបញ្ជាក់ ថា នៅក្នុងចំណោមអ្នកទោសទាំងនោះ មានសាច់ញាតិរបស់គាត់ម្នាក់ ឈ្មោះ របស់លោក អេឡាន អេមេកូវ (Erlan Ermekov) អាយុ៣០ឆ្នាំ មានដើមកំណើតនៅតំបន់អូស (Osh) នាភាគខាងត្បូង ប្រទេសគីជីស្ថាន ត្រូវបានតុលាការរុស្ស៊ី កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល៩ឆ្នាំ ពីបទចាប់រំលោភសេពសន្ថវៈ និង ប្លន់។ ប៉ុន្ដែរហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អេមេកូវ បានចុះហត្ថលេខាលើកិច្ចសន្យា រយៈពេលប្រាំមួយខែ ជាមួយនឹងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group ដើម្បីចូលរួមជាមួយនឹងកម្លាំងទាហានរុស្ស៊ី វាយប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែន ជាថ្នូរនឹងការផ្ដល់ប្រាក់កាស ការផ្ដល់សញ្ជាតិរុស្ស៊ី និង ការលុបចោលនូវទោសទណ្ឌ ក្រោមការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌ ប្រឆាំងនឹងរូបគាត់។
អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) ម្ដាយរបស់លោក អេឡាន អេមេកូវ (Erlan Ermekov) បានអះអាង ថា កូនរបស់គាត់ បានមើលឃើញការជ្រើសរើសបែបនេះ ថា វាជាឱកាសដ៏ល្អមួយ អាចរួចផុតពីទោសទណ្ឌ សម្រាប់ការចាប់ផ្ដើមជីវិតថ្មី នាពេលអនាគត។ ប៉ុន្ដែក្រោយពេលកូនប្រុសរបស់គាត់ បានចូលរួមជាមួយនឹងទាហានស៊ីឈ្នួល Wagner Group នោះ គឺខែដំបូង គាត់បានទទួលលុយពីរុស្ស៊ី ចំនួន ១ ៣០០ដុល្លារ និង ខែទី២ ទទួលលុយបាន ចំនួន ២ ៤០០ដុល្លារអាមេរិក។ គាត់ជឿ ថា លុយទាំងនេះ ជាប្រាក់ឈ្នួលនៃការចូលរួមប្រយុទ្ធរបស់កូនប្រុសគាត់ ត្រូវបានក្រុមហ៊ុន Wagner ផ្ដល់មកឲ្យ។
អ្នកស្រី ហ្គូលណារ៉ា ហ្សាគីរ៉ូវ៉ា (Gulnara Zakirova) បានបន្ដ ថា ក្រោយពេលទទួលបានប្រាក់ខែមិនបានប៉ុន្មានផង កូនប្រុស Ermekov របស់គាត់ ក៏បានស្លាប់ នៅក្នុងតំបន់ប្រយុទ្ធ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឥឡូវនេះ គាត់គាំទ្រដល់យុទ្ធនាការធ្វើបត្យាប័ន នាំអ្នកទោសជនជាតិគីជីស្ថានទាំងអស់ ត្រឡប់ពីរុស្ស៊ី នាំមកកាត់ទោស ដាក់ពន្ធនាគារ នៅក្នុងប្រទេសរបស់ខ្លួនវិញ។
អ្នកស្រី បានសង្កត់ធ្ងន់ ថា «ការដែលខ្ញុំគាំទ្របែបនេះ ក៏ដោយសារតែខ្ញុំមានកូនប្រុសតែម្នាក់ ហើយត្រូវបានបាត់បង់ ទើបខ្ញុំមិនចង់ឲ្យស្ដ្រីជាម្ដាយទាំងឡាយ រងនូវការឈឺចាប់ ដូចអ្វីដែលខ្ញុំបានបាត់កូនប្រុសរបស់ខ្ញុំអ៊ីចឹងដែរ»។
អាជ្ញាធរគីជីស្ថាន បានបញ្ជាក់ ថា ជនជាតិគីជីស្ថាន ចំនួន ១ ០៧៧នាក់ ឥឡូវនេះ កំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ហើយភាគច្រើន នៃពួកគេបានរងនូវការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានមនុស្សរាប់ពាន់នាក់ មកពីប្រទេសតាជីគីស្ថាន (Tajikistan), អ៊ុយប៊ែគីស្ថាន (Uzbekistan) និង អាស៊ីកណ្ដាលផ្សេងទៀត បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី ដែលគោលដៅដ៏សំខាន់ សម្រាប់កម្មករអន្ដោប្រវេសន៍ ចេញពីអតីតសាធារណរដ្ឋសូវៀត។
បើតាមក្រុមប្រឹក្សាជាតិសហរដ្ឋអាមេរិក និង ក្រុមសកម្មជនរុស្ស៊ី បានឲ្យដឹង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group បានលេចឈ្មោះបោះសំឡេង ដោយសារតែមានគេរាយការណ៍ ថា បានប្រព្រឹត្តអំពើឃោរឃៅ នៅក្នុងតំបន់ប្រយុទ្ធ នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Wagner Group ត្រូវបានគេ ប៉ាន់ប្រមាណ ថា នឹងបញ្ជាដល់យុទ្ធជនរបស់ខ្លួន រហូតដល់ ៥០ ០០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន ដោយ៨០ភាគរយ បានចុះកិច្ចសន្យា ជាមួយនឹងអ្នកទោស នៅក្នុងពន្ធនាគាររបស់រុស្សី។
បើតាមលោកស្រី អូហ្កា រ៉ូម៉ាណូវ៉ា (Olga Romanova) នាយកអង្គការសិទ្ធិមនុស្ស រុស្ស៊ីយ៉ាសចាយ៉ា ( Rus Sidyashchaya) ជាអង្គការតស៊ូមតិ សម្រាប់អ្នកទោស បានបញ្ជាក់ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានជួលអ្នកទោសយ៉ាងតិច ៣៥ ០០០នាក់ ចាប់តាំងពីក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជ្រើសរើសទាហានទ្រង់ទ្រាយធំមួយ កាលពីចុងខែមិថុនា ឆ្នាំ២០២២មក។ ក្រុមហ៊ុនមួយនេះ បានផ្តោតយ៉ាងពិសេស ទៅលើទណ្ឌិតជនជាតិអាស៊ីកណ្តាល ដែលកំពុងតែជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី៕










