រាជធានីតូក្យូ៖ សង្គ្រាមលុកលុយទៅលើប្រទេសអ៊ុយក្រែន បង្កឡើង ដោយលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានជំរុញឲ្យបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) និង សម្ពន្ធមិត្ត កំពុងតែបង្កើននូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយឥឡូវនេះ ជប៉ុន នៅក្នុងឋានៈជាប្រធានកិច្ចប្រជុំ G7 ក៏នឹងពិភាក្សាគ្នា ស្វែងរកវិធានការនានា បង្កើនសម្ពាធដល់ក្រុងមូស្គូ ឲ្យបញ្ចប់សង្គ្រាមដ៏ឃោរឃៅរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ស៊ូនីជី ស៊ូហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់ ថា ក្រុមរដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុ នៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុត នៅលើពិភពលោក (G7) នឹងជួបប្រជុំ នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាគ្នា អំពីវិធានការនានា សម្រាប់ដាក់សម្ពាធទៅលើរុស្ស៊ី ឲ្យបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
ជប៉ុន នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំក្រុមរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុ និង ក្រុមទេសាភិបាលធនាគារកណ្ដាល មកពីប្រទេស G7 ។ កិច្ចប្រជុំនេះ បានកើតឡើង ចំពេលខួបគម្រប់មួយឆ្នាំ នៃការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន តាមអ្វីដែលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ហៅ ជា«ប្រតិបត្ដិការយោធាពិសេស»។
បើទោះជាមានវិធានការដាក់ទណ្ឌកម្មតិចតួច ត្រូវបានធ្វើឡើង ដោយក្រុមប្រទេស G7 និង បណ្ដាប្រទេសផ្សេងៗទៀត ជាសម្ពន្ធមិត្ត បានចាត់វិធានការប្រឆាំងនឹងរុស្ស៊ីក៏ដោយ ក៏សង្គ្រាមនេះ នៅតែបន្ដវាយប្រយុទ្ធគ្នា ឥតស្រាកស្រាន្ដ រកទីបញ្ចប់មិនទាន់ឃើញ។ ជាមួយគ្នា លោក ពូទីន នៅតែប្ដេជ្ញា ធ្វើសង្គ្រាមបន្ដទៀត ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅកាន់រដ្ឋធានីកៀវ ដើម្បីបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំរបស់លោកខាងលិច បន្ដជួយគាំទ្រ ដល់ប្រទេសអ៊ុយក្រែន។
លោក ស៊ូនីជី ស៊ូហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថា «ការគាំទ្រដល់ប្រទេសអ៊ុយក្រែន និង ការដាក់ទណ្ឌកម្មនានា ប្រឆាំងរុស្ស៊ី នឹងក្លាយជាប្រធានបទដ៏ចម្បង សម្រាប់កិច្ចពិភាក្សាគ្នានេះ។ ដូច្នេះ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រទេស G7 និង សហគមន៍អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពទណ្ឌកម្ម ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយ ជំរុញឱ្យរុស្ស៊ី ដកកងទ័ពចេញពីអ៊ុយក្រែន»។
នៅក្នុងឆ្នាំ២០២៣នេះ ជប៉ុន ធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីរបស់ក្រុមប្រទេស G7 ដោយចាប់ផ្ដើមដំណើរការ រហូតដល់កិច្ចប្រជុំកំពូលរបស់មេដឹកនាំក្រុម G7 ចន្លោះពីថ្ងៃទី១៩-២១ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ ក្រុមប្រទេស G7 នេះ រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
កិច្ចប្រជុំ G7 នេះ នឹងត្រូវធ្វើឡើង នៅសប្តាហ៍នេះ ដោយការប្រមូលផ្តុំកាន់តែទូលំទូលាយ សម្រាប់ក្រុមរដ្ឋមន្រ្ដីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 មកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ ឥណ្ឌា ជាប្រធាន G20 នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ នៅទីក្រុង Bengaluru។ ចំណែកសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន និង បញ្ហាសេដ្ឋកិច្ចរបស់ពិភពលោក ត្រូវគេរំពឹង ថា នឹងត្រូវផ្ដោត នៅក្នុងកិច្ចប្រជុំ G20 នេះ។
មន្រ្ដីជាន់ខ្ពស់ជប៉ុនមួយរូប បានបញ្ជាក់ កាលពីព្រឹក ថ្ងៃអង្គារ ថា ក្រុមរដ្ឋមន្រ្ដី G7 នឹងពិភាក្សាគ្នា អំពីអតិផរណា ត្រូវកើនឡើងខ្ពស់ ដោយសារតែសង្គ្រាមរបស់រុស្ស៊ី ថាមពល តម្លៃស្បៀងអាហារ និង ការគាំទ្រដល់ការលេចឡើងសេដ្ឋកិច្ចទីផ្សារ ដែលកំពុងតែប្រឈមមុខនឹងវិបត្ដិបំណុល។ ការខកខានដោះស្រាយបំណុលទីផ្សារ ដែលកំពុងតែកើនឡើង អាចនាំឱ្យមានវិបត្តិហិរញ្ញវត្ថុ។
លោករដ្ឋមន្រ្ដី ក្រសួងហិរញ្ញវត្ថុជប៉ុន បានបន្ថែម ថា «តាមរយៈការរួមចំណែក ដល់ការពិភាក្សាលើបញ្ហាទាំងនេះ យើងសង្ឃឹម ថា នឹងបង្កើតលទ្ធផលសំខាន់ៗ នឹងនាំមកនូវកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ប្រកបដោយស្ថិរភាព និងនិរន្តរភាព»៕










