ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក Chatchart Sittipunt អភិបាលក្រុងបាងកក បានពិភាក្សាជាមួយលោក Kowit Phakamat អគ្គនាយកនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ ស្តីពីការរៀបចំពិធីបុណ្យសង្ក្រាន្តប្រចាំឆ្នាំ២០២៣ និងពិធីនានាពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកក ។
លោក Chatchart Sittipunt លើកឡើងថា គណៈរដ្ឋមន្ត្រីបានអនុម័តឱ្យនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងក្រសួងវប្បធម៌ ស្នើដាក់សង្ក្រាន្តនៅប្រទេសថៃ ជាតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ (The Representative List of the Intangible Cultural Heritage of Humanity) ទៅកាន់អង្គការយូណេស្កូ (UNESCO) ហើយពេលនេះ អង្គការយូណេស្កូកំពុងតែពិចារណា ។
នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌បានពិភាក្សាជាមួយអភិបាលខេត្តនានា ដែលបានប្រារព្ធប្រពៃណីសង្ក្រាន្ត និងទំនៀមទម្លាប់ប្រពៃណីខុសៗគ្នានៅតាមខេត្តរបស់ខ្លួន ដូចជា ខេត្តឈៀងម៉ៃ នៅភាគខាងជើង, ខេត្តខនកែន នៅភាគឦសាន, ខេត្តនគរស្រីថាមរ៉ាត នៅភាគខាងត្បូង, ខេត្តឈុនបុរី នៅភាគកណ្តាល, ខេត្តសមុទ្រប្រាកាន និងក្រុងបាងកក ដែលជាតំបន់មានប្រវត្តិវប្បធម៌ និងប្រពៃណីល្បីល្បាញ ហើយបានរៀបចំពិធីប្រពៃណីសង្ក្រាន្តដ៏ធំជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ។ លើសពីនេះ ខេត្តទាំងនេះត្រូវបានសាធារណជនស្គាល់យ៉ាងទូលំទូលាយទាំងជនជាតិថៃ និងជនបរទេស ។
ការរៀបចំពិធីបុណ្យសង្ក្រាន្តនៅឆ្នាំ២០២៣ ថៃនឹងធ្វើយុទ្ធនាការលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីសង្ក្រាន្ត ឆ្នាំ២០២៣ ថា ៖ «បន្តដំណើរសង្ក្រាន្តថៃ រួមចិត្តឆ្ពោះទៅកាន់ពិភពលោក» ។ ការលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនេះ ក្នុងគោលបំណងឱ្យពលរដ្ឋនៅក្រុងបាងកកបានយល់ដឹងពីអត្ថន័យ និងសារសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ក្រុងបាងកក និងប្រទេសថៃ ហើយឈានដល់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ។
ការរៀបចំពិធីបេតិភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកក ថៃនឹងជ្រើសយកវប្បធម៌សហសម័យ ដែលមនុស្សជំនាន់ថ្មីអាចឈ្វេងយល់ និងមានចំណែករួមក្នុងជីវិតប្រចាំថ្ងៃ ដូចជា ការជ្រើសយកវប្បធម៌ម្ហូបអាហារ ឬផលិតផលចាស់ៗពីជំនាន់ដូនតា ប៉ុន្តែអាចយកមកប្រើក្នុងជីវភាពប្រចាំថ្ងៃ ឬចែកចាយក្នុងសង្គមបច្ចុប្បន្ន គឺនឹងធ្វើឱ្យគេចាប់អារម្មណ៍ច្រើន ក៏ដូចជារួមចំណែកជួយទីផ្សារ សេដ្ឋកិច្ច និងក្រុមហ៊ុនផលិត ។ ក្រៅពីនេះ ប្រទេសថៃនឹងរៀបចំពិធីប្រកួតប្រជែង និងការសម្តែងក្នុងសហគមន៍ ដើម្បីលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីក្នុងមូលដ្ឋានផងដែរ ។
លោក Chatchart Sittipunt ថ្លែងថា ៖ «ក្រុមប្រឹក្សាវប្បធម៌ចំនួន៥០ នឹងចូលរួមបង្ហាញពីវប្បធម៌ក្នុងតំបន់របស់ខ្លួន ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅក្រុងបាងកកយូរអង្វែងបន្តទៀត ហើយក្រុងបាងកកនឹងរៀបចំពិធីលើកកម្ពស់វប្បធម៌ ដោយកត់ត្រាកិច្ចសហការរួមគ្នារវាងនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ និងក្រុងបាងកក» ៕
ប្រភព ៖ khaosod










