លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិកបានអញ្ជើញទៅដល់ទីក្រុងកៀវ នៅព្រឹកថ្ងៃចន្ទទី ២០កុម្ភៈ២០២៣ ជាលើកដំបូង គិតចាប់ពីផ្ទុះសង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន នៅថ្ងៃទី ២៤កុម្ភៈ២០២២មក។
តាមពិតទៅលោកប្រធានាធិបតីអាមេរិក ត្រូវអញ្ជើញទៅក្រុងវ៉ាសូវី ប្រទេសប៉ូឡូញទេ ប៉ុន្តែលោកបានឆៀងចូលជួប ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ។ ទស្សនកិច្ចនេះ បានធ្វើឱ្យពិភពលោកយល់ឃើញថា អាមេរិក ពិតជាគាំទ្រ និងចាំជួយអ៊ុយក្រែនពេញមួយទំហឹងនៅក្នុងសង្គ្រាមនេះ។
ក្នុងអំឡុងពេលដែលប្រមុខរដ្ឋទាំងពីរចេញពីវិហារកាតូលិក ស្នូរស៊ីរ៉ែនអាសន្នខ្ពស់បំផុតមានគ្រាប់មីស៊ីលបានលាន់ឮឡើងពេញទីក្រុងកៀវ។ តែគ្មានសញ្ញាបាញ់មីស៊ីលឬការវាយប្រហារដោយដ្រូន លេចឡើងនៅកន្លែងណាមួយទេ ក្នុងពេលភ្លាមៗនេះ។
តែយ៉ាងណាមិញ វាមិនបានជាក្តីកង្វល់ធំនោះឡើយ ដោយវាគ្រាន់តែជាសំលេងមីសុីលបាញ់ទៅ បាញ់មករវាងប្រទេសទាំងពីរប៉ុណ្ណោះ។
ក្រោយពីចេញពីទីក្រុងកៀវ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញ ក្នុងជំនួបពិភាក្សាចាត់ចែងជំនួយរបស់បស្ចិមលោកទៅកាន់អ៊ុយក្រែន៕
ប្រភព៖ BBC










