ប្រទេសកូរ៉េខាងត្បូង ៖ កូរ៉េខាងត្បូងបានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើកូរ៉េខាងជើង ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង និងជាការសងសឹកលើករណីកូរ៉េខាងជើងបានបាញ់មីស៊ីលឥតឈប់ឈរ ។ ជាក់ស្តែង កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី១៨ កុម្ភៈ ហើយបាញ់លើកចុងក្រោយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីគំរាមអាមេរិក និងកូរ៉េខាងត្បូង ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបង្ហាញថា ការដាក់ទណ្ឌកម្មនេះផ្តោតទៅលើបុគ្គល៤រូប និងជំនួយការ៥រូបទៀត រួមទាំងក្រុមហ៊ុនរបស់អាហ្វ្រិកខាងត្បូងចំនួន១ និងក្រុមហ៊ុនដឹកជញ្ជូនរបស់សិង្ហបុរីចំនួន២ ដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
ការប្រកាសដាក់ទណ្ឌកម្ម គឺក្រោយពីកូរ៉េខាងជើងបាញ់មីស៊ីលចំនួន២គ្រាប់ទៀតនៅឆ្នេរសមុទ្រខាងកើតកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ។ ការបាញ់មីស៊ីលលើកចុងក្រោយនេះ គឺធ្វើឡើងរយៈពេល២ថ្ងៃក្រោយបន្ទាប់ពីកូរ៉េខាងជើងទើបបានបាញ់មីស៊ីលឆ្លងទ្វីប ICBM ទៅកាន់ឆ្នេរសមុទ្រភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ រហូតជំរុញឱ្យអាមេរិក និងកូរ៉េខាងត្បូង ប្រញាប់ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ ក្នុងនោះមានការបណ្តុះបណ្តាលពីការទម្លាក់គ្រាប់បែក B-1B ផងដែរ ។
ប្រទេសកូរ៉េខាងត្បូង អាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសការបាញ់មីស៊ីលលើកចុងក្រោយបង្អស់របស់កូរ៉េខាងជើង ដោយបញ្ជាក់ថា ជាទង្វើបង្កជម្លោះ និងខុសច្បាប់ ។
អ្នកវិភាគមើលឃើញថា ការដាក់ទណ្ឌកម្មលើកនេះរបស់កូរ៉េខាងត្បូង អាចមិនធ្វើឱ្យប៉ះពាល់ដល់កូរ៉េខាងជើងធ្ងន់ធ្ងរទេ ប៉ុន្តែជាការបង្ហាញសញ្ញារឹងមាំមួយ ខណៈកូរ៉េខាងត្បូងផ្តល់ភាពសំខាន់ក្នុងការការពារប្រទេស និងចេញវិធានការធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុរបស់កូរ៉េខាងជើង ។
កាលពីដើមខែកុម្ភៈ មន្ត្រីផ្នែកគ្រប់គ្រងរបស់ប្រធានាធិបតី លោក Yun Suk Yeol ក៏ធ្លាប់បានដាក់ទណ្ឌកម្មបុគ្គលជនជាតិកូរ៉េខាងជើងចំនួន៤រូប និងភ្នាក់ងារ៧ ផ្សេងទៀតពីការវាយប្រហារតាមអ៊ីនធើរណេតដែលជឿថា ទាក់ទងនឹងគម្រោងអាវុធរបស់ប្រទេស ។ វាជាវិធានការដាក់ទណ្ឌកម្មរបស់កូរ៉េខាងត្បូង ដែលផ្តោតលើការលួចយកទិន្នន័យ (hack) របស់កូរ៉េខាងជើង ។
ទោះយ៉ាងណា ភាគីជាច្រើនសង្កេតឃើញថា ការដាក់ទណ្ឌកម្មនេះមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់គម្រោងអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង ។ Andrei Lankov អ្នកវិភាគអំពីកូរ៉េខាងជើង និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kookmin នៅក្រុងសេអ៊ូល ថ្លែងថា ៖ «កូរ៉េខាងជើងប្តេជ្ញាចិត្តអភិវឌ្ឍន៍មីស៊ីលឆ្លងទ្វីប ICBM របស់ខ្លួន ព្រោះចង់គំរាមកំហែងអាមេរិក ខណៈមីស៊ីលឆ្លងទ្វីបនេះអាចវាយលុកអាមេរិកបានគ្រប់តំបន់ ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមានបំណងរារាំងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ ហើយបើអ្នកសួរខ្ញុំថា តើមានអ្វីអាចបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើងបានទេ? ខ្ញុំអាចឆ្លើយតបដោយខ្លីថា គ្មានទេ» ៕ ប្រភព ៖ thestandard










