រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន នឹងមកដល់ នៅត្រឹមតែប៉ុន្មានថ្ងៃខាងមុខនេះ ប្រមុខការទូត សហរដ្ឋអាមេរិក បានចោទប្រកាន់ ដល់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែពិចារណា លើការផ្ដល់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី ហើយសកម្មភាពបែបនេះ នឹងធ្វើឲ្យចិន ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ នឹកស្មានមិនដល់។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេស សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ចិន កំពុងតែពិចារណា ដល់ការផ្ដល់គ្រឿងយុទ្ធោបករណ៍របស់ខ្លួន ជួយដល់រុស្ស៊ី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បានព្រមានដល់ក្រុងប៉េកាំង ថា ការផ្គត់ផ្គង់នូវគ្រឿងសឹកណាមួយ ជួយដល់ក្រុងមូស្គូ សម្រាប់ការធ្វើសង្គ្រាមឈ្លានពាន នៅលើទឹកដីរបស់អ៊ុយក្រេន នឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ។
លោកប្រមុខការទូត សហរដ្ឋអាមេរិក រូបនេះ បានប្រាប់ដល់បណ្ដាញទូរទស្សន៍ និង វិទ្យុរបស់សហរដ្ឋអាមេរិក CBS ថា ចិន កំពុងតែពិចារណា លើកិច្ចគាំទ្រផ្ដល់អាវុធដ៏សាហាវរបស់ខ្លួន រាប់ចាប់តាំងពីគ្រាប់រំសេវ រហូតដល់គ្រឿងសព្វាវុធផ្សេងៗទៀត។
ដោយឡែក ការគាំទ្ររបស់សហរដ្ឋអាមេរិក កំពុងតែកសាង ទៅលើភាគីអាត្លង់ទិកទាំង២ ដើម្បីផ្ដល់ដល់អ៊ុយក្រែន ជាមួយនឹងយន្ដហោះចម្បាំងទំនើបៗ តាមមាត្រដ្ឋាន ឬ ស្ដង់ដាររបស់អង្គការណាតូ។ ជាមួយគ្នានេះដែរ ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ នឹងផ្ដល់នូវការបណ្ដុះបណ្ដាល បើកយន្ដហោះចម្បាំង ដល់កងទ័ពអាកាសរបស់អ៊ុយក្រែន។
ទោះជាយ៉ាងណា ប្រទេសមហាអំណាចសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស នៅតែស្ទាក់ស្ទើរ នៅក្នុងការប្រើប្រាស់កម្លាំងទ័ពអាកាសរបស់ពួកគេ តាមរបៀបដ៏សំខាន់មួយ ចាប់តាំងពីសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន បានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២រហូតមក។
លោក លីនសេ ហ្ក្រាហាំ (Linsey Graham) សមាជិក ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានបញ្ជាក់ ថា សមាជិកសភាអាមេរិក គាំទ្រយ៉ាងទូលំទូលាយ ដល់ការបណ្តុះបណ្តាលដល់កងទ័ពអាកាសរបស់អ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្ដហោះចម្បាំង F-16 ហើយគាត់ជឿ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងយល់ព្រម នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។
សមាជិក ព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ រូបនេះ បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ ABC News ថា រូបគាត់ផ្ទាល់ មិនបានព្រួយបារម្ភ ថា យន្ដហោះចម្បាំង F-16 នឹងបង្កើនជម្លោះ ឲ្យកាន់តែរីករាលដាលធំឡើងនោះឡើយ។ ដូច្នេះ កុំខ្វល់ អំពីរឿងបង្កហេតុជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ហើយក៏កុំខ្វល់ពីរឿងវាយពូទីន។
ការអំពាវនាវ ជំរុញឲ្យផ្គត់ផ្គង់យន្ដហោះចម្បាំងទំនើបៗរបស់លោកខាងលិច ជួយដល់ប្រទេសអ៊ុយក្រែន នោះ បានកើតឡើង ក្រោយពេលមានកិច្ចព្រមព្រៀង កាលពីខែមុន ដោយសារតែបារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានសម្រេចផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់ទំនើបៗរបស់ពួកគេ ជួយដល់ក្រុងកៀវ។
សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែល៣០ពាន់លានដុល្លារ ជួយដល់ក្រុងកៀវ ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមអ្វីដែលក្រុងមូស្គូ ហៅជា «ប្រតិបត្ដិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន។ ចំណែកក្រុមសម្ពន្ធមិត្តលោកខាងលិចមួយ ចំនួន បានបញ្ជាក់ ថា សម្ពន្ធមិត្តរបស់អ៊ុយក្រែន នឹងផ្ដោតលើយន្ដហោះចម្បាំងទំនើបៗតិច ជាងការផ្គត់ផ្គង់ភស្ដុភាជាមូលដ្ឋាន ដូចជា គ្រាប់កាំភ្លើងផ្ដោងជាដើម។
លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានចេញនូវការព្រមានយ៉ាងម៉ឺងម៉ាត់ អំពីការថយចុះនូវការផ្គត់ផ្គង់គ្រាប់កាំភ្លើង និង អាវុធស្រដៀងគ្នារបស់អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងតែប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែកង្វះខាតគ្រាប់រំសេវ ដែលត្រូវតែដោះស្រាយឱ្យបានឆាប់ ហើយវាមានបញ្ហាជាច្រើន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕










