ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបង្ហើបថា ខ្លួនបានបាញ់មីស៊ីលកាលពីថ្ងៃមុនដើម្បីជាការដាស់តឿនអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងបង្ហាញពីសក្តានុពលនៃការវាយបកវិញដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ កូរ៉េខាងជើងនិយាយថា មីស៊ីលដែលខ្លួនបានបាញ់នេះប្រភេទ Hwaseong-15 និងសាកល្បងបាញ់ដោយភ្នាក់ងារថ្មីមួយហៅថា ភ្នាក់ងារមីស៊ីល ។
មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក ដែលវាជាមីស៊ីលឆ្លងទ្វីប (ICBM) ប្រភេទ Hwaseong-15 ។ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យសាកល្បងបាញ់មីស៊ីលនេះ ដើម្បីដាស់តឿនអាមេរិក និងកូរ៉េខាងត្បូងឱ្យឃើញពីសក្តានុពលនៃការវាយប្រហារវិញដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដំណើរការសាកល្បងបាញ់ដោយភ្នាក់ងារមីស៊ីល ប៉ុន្តែព័ត៌មានមិនបានបញ្ជាក់លម្អិតអំពីភ្នាក់ងារថ្មីរបស់កូរ៉េខាងជើងទេ ។
សារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា ការសាកល្បងបាញ់កាំជ្រួចនេះ ជាការបាញ់ពីអាកាសយានដ្ឋានអន្តរជាតិស្ថិតនៅក្រុងព្យុងយ៉ាង ។ កាំជ្រួចបានហោះឡើងលើមេឃក្នុងកម្ពស់៥.៧៦៨គីឡូម៉ែត្រ ដោយប្រើរយៈពេល៤.០១៥នាទី មុននឹងវាទៅដល់គោលដៅដែលបានកំណត់ក្នុងបរិវេណដែនទឹកសមុទ្រកូរ៉េខាងកើត ។
មុននេះ កូរ៉េខាងជើងបានប្រកាសគំរាមពីការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក និងក្រោយពីកូរ៉េខាងជើងសាកល្បងបាញ់កាំជ្រួចរបស់ខ្លួនធ្លាក់នៅតំបន់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលធ្វើឱ្យរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងចេញមកថ្កោលទោសការសាកល្បងបាញ់មីស៊ីលរបស់កូរ៉េខាងជើង ។ ជប៉ុនលើកឡើងថា មីស៊ីលរបស់កូរ៉េខាងជើងនឹងមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយរហូតដល់១ម៉ឺន៤ពាន់គីឡូម៉ែត្រ មានន័យថា វាអាចវាយប្រហារគ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីអាមេរិក ៕
ប្រភព ៖ TNN World










