ប្រទេសកូរ៉េខាងជើង ៖ កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ព្រមទាំងភរិយា (រីសូលជូ) និងកូនស្រី (គីម ជូអេ) បានចូលរួមទស្សនាការដង្ហែរក្បួនកាំជ្រួច និងអាវុធថ្មីៗ ដើម្បីបង្ហាញពីសក្តានុពលកងទ័ពក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពកូរ៉េខាងជើង នៅទីលានគីម អ៊ីលស៊ុង ទីក្រុងព្យុងយ៉ាង ។
អ្នកវិភាគផ្នែកសន្តិសុខជឿថា កាំជ្រួច១ក្នុងចំណោមកាំជ្រួចទាំងអស់ដែលបានបង្ហាញនេះ គឺជាកាំជ្រួចបាញ់ឆ្លងទ្វីប ដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីរបស់កងទ័ពកូរ៉េខាងជើង ។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA និយាយថា ក្បួនដង្ហែរអាវុធលើកនេះ នឹងធ្វើឱ្យទូទាំងពិភពលោកមើលឃើញពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការទប់ទល់ជាមួយសត្រូវ ករណីមានការប្រឈមមុខគ្នាកើតឡើង ព្រមទាំងការអភិវឌ្ឍឈានទៅមុខមិនឈប់ឈរដើម្បីរក្សាឋានៈជាប្រទេសនុយក្លេអ៊ែរបន្តទៀត ។
ក្រៅពីនេះ សារព័ត៌មានដែលតាមដានពីសភាពការណ៍នៅកូរ៉េខាងជើង គឺ NK News បញ្ជាក់ថា ក្រៅពីកាំជ្រួចឆ្លងទ្វីបដែលប្រើប្រាស់ប្រេងឥន្ធនៈប្រភេទថ្មីហើយនោះ កូរ៉េខាងជើងនៅមានកាំជ្រួចឆ្លងទ្វីបប្រភេទ Hwasong-17 យ៉ាងតិចចំនួន១១ទៀត ដែលបានបង្ហាញក្នុងក្បួនដង្ហែរនេះ ហើយមានតែកាំជ្រួច៤ប៉ុណ្ណោះដែលធ្លាប់បង្ហាញរួចមកហើយកាលពីឆ្នាំ២០២០ ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា ការផលិតកាំជ្រួច និងឧបករណ៍បាញ់គ្រាប់រ៉ុក្កែតទំហំធំរបស់កូរ៉េខាងជើងកំពុងតែដំណើរការយ៉ាងដោយរលូន ។
ពិធីដង្ហែរក្បួនរបស់កងទ័ពកូរ៉េខាងជើង គឺជាទីចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក រួមទាំងសារព័ត៌មានបរទេសផងដែរ ។ តើអាចទៅរួចទេដែលថា កូរ៉េខាងជើងនឹងយកអាវុធថ្មីៗទាំងនេះទៅសាកល្បង ឬប្រើប្រាស់ពិតប្រាកដនាពេលអនាគត ព្រោះវានឹងបំផ្លាញសន្តិសុខពិភពលោក ជាពិសេស នៅតំបន់ឧបទ្វីបកូរ៉េ ៕
ប្រភព ៖ thestandard










