សារព័ត៌មានបរទេសរាយការណ៍ថា បញ្ហាបរិស្ថាន គឺជាបញ្ហាប្រឈមមួយនាពេលបច្ចុប្បន្ននេះ ព្រោះការផលិតផ្លាស្ទិកប្រើតែម្តងរួចបោះចោល (Single-Use Plastic) បានកើនឡើងចំនួន៦លានតោនក្នុង១ឆ្នាំនៅទូទាំងពិភពលោក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ កាលពីពេលថ្មីៗនេះ ប្រទេសនានាមានយុទ្ធនាការកាត់បន្ថយការប្រើផ្លាស្ទិកដើម្បីជួយរក្សាបរិស្ថានពិភពលោក ។
ប្រទេសមួយចំនួនមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោលដូចជា អង់គ្លេសបានហាមឃាត់ការប្រើស្លាបព្រា និងសមផ្លាស្ទិកនៅឆ្នាំ២០២៣នេះ ព្រោះបណ្តាលឱ្យមានសំរាមផ្លាស្ទិកស្លាបព្រា-សមប្រមាណ២.៧០០ដុំក្នុង១ឆ្នាំ ក្នុងនោះមានតែ១០%ប៉ុណ្ណោះដែលគេយកទៅកែច្នៃប្រើឡើងវិញ ។ រីឯបារាំងក៏បានអនុវត្តច្បាប់ហាមប្រើផ្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ បន្លែ និងផ្លែឈើផងដែរ តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយបារាំងបានប្រកាសបញ្ឈប់ការប្រើផ្លាស្ទិកទាំងអស់នៅឆ្នាំ២០៤០ ហើយដូចគ្នានេះ ប្រទេសជាច្រើននៅអឺរ៉ុបក៏ប្រកាសឈប់ប្រើផ្លាស្ទិកកាន់តែច្រើនដែរ ។
តួលេខកាកសំណល់ផ្លាស្ទិកគួរឱ្យភ្ញាក់ផ្អើល និងទើបមានការផ្សព្វផ្សាយ គឺសំរាមផ្លាស្ទិកបានកើនឡើងនៅទូទាំងពិភពលោក ចំនួន៦លានតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ នៅឆ្នាំ២០២១ គេបានផលិតផ្លាស្ទិក (Single-Use Plastic) ក្នុងបរិមាណច្រើនមហាសាលរហូតដល់១៣៩លានតោនឯណោះ ។
តាមការវិភាគរបស់ Plastic Waste Makers Index ធ្វើឡើងដោយ Minderoo Foundation បង្ហាញថា រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គេបានផលិតផ្លាស្ទិកយ៉ាងច្រើន ដែលធ្វើឱ្យពិភពលោកប្រឈមនឹងបញ្ហាសំរាមកាន់តែធ្ងន់ធ្ងរ ។
សំរាមផ្លាស្ទិក គឺជាបញ្ហាធំមួយរបស់ពិភពលោក ជាពិសេស ផ្លាស្ទិកប្រើប្រាស់តែម្តងរួចបោះចោល ដូចជា ថង់ ទុយោ កែវ ចាន ស្លាបព្រា សម និងវត្ថុផ្សេងៗ ដែលគេបានប្រើក្នុងបរិមាណច្រើន ប៉ុន្តែមិនបានយកវាទៅកែច្នៃប្រើឡើងវិញ ។ វាបង្កើតសំណល់បរិស្ថាន ដោយសារតែពិបាករលាយក្នុងដី ហើយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ភាវៈរស់ ។
ទោះយ៉ាងណា គួរតែមានជម្រើសថ្មីៗក្នុងការកាត់បន្ថយការប្រើផ្លាស្ទិកសម្រាប់អ្នកស្រឡាញ់បរិស្ថាន ហើយមេដឹកនាំប្រទេសនីមួយៗត្រូវគាំទ្រអ្វីខ្លះលើការការពារបរិស្ថាន ខណៈគេនៅតែផលិតផ្លាស្ទិក ហើយយកមកប្រើប្រាស់ និងបោះចោលបន្តទៀតគ្មានថ្ងៃបញ្ចប់ ៕
ប្រភព ៖ springnews










