កម្ពុជា បានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ជនជាតិចិនប្រើប្រាស់ប្រាក់យ៉ន់ ទៅលើសេវាកម្មទេចរណ៍ផ្សេងទាំងអស់រាល់ពេលមកកម្សាន្តនៅកម្ពុជា នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន។
ឯកឧត្តម ថោង ខុន បានសង្កត់ធ្ងន់ទៀតថា៖ “ពិសេសទៅទៀតគឺរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការទូទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់ គ្រប់សេវាទាំងអស់យើងអាចទទួលលុយយ៉ន់បាន”។
ក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈការចងក្រងសៀវភៅ “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោយបានបណ្តុះបណ្ដាលគ្រប់សេវាកម្ម ដើម្បីសម្រួលដល់អ្នកទេសចរចិនឱ្យទទួលបានអារម្មណ៍រីករាយក្នុងការដើរកម្សាន្តក្នុងប្រទេសកម្ពុជា ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា តាមការប៉ាន់ប្រមាណ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងមានអ្នកទេសចរចិន៨០ម៉ឺនទៅ១លាននាក់មកលេងកម្ពុជា។ តែសរុបជារួមសម្រាប់ភ្ញៀវទេសចរអន្តរជាតិទូទៅដែលធ្វើដំណើរ តាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសនឹងមកលេងកម្ពុជា ប្រមាណ៣ទៅ៤លាននាក់៕










