ប្រទេសថៃ ៖ កាលពីថ្ងៃទី៤-៦ ខែកុម្ភៈ នៅឧទ្យានរ៉ាចឆៈផាក់ ស្រុកហួហិន ខេត្តប្រាជួប ស៊ីរីខាន់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើជាប្រធានកម្មវិធី «Amazing Muay Thai Festival 2023» ប្រចាំឆ្នាំ២០២៣ ដែលរៀបចំឡើងដោយកងទ័ពជើងគោក អាជ្ញាធរទេសចរណ៍ អាជ្ញាធរកីឡា និងក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Muay Thai ឱ្យពិភពលោកបានស្គាល់ ។
កីឡាករ ប៊ួ ខាវ ឈ្មោះពេញ Sombat Banchamek គឺជាអ្នកដឹកនាំក្រុម និងធ្វើពិធីសំពះគ្រូ និងមានកងទ័ពជើងគោកចូលរួមចំនួន៣.៦៦០នាក់ ។ ពិធីនេះចាត់ឡើងក្នុងគោលបំណងបង្ហាញពីមោទនភាពជាតិចំពោះកីឡាជាតិ នៅខាងមុខរូបសំណាកអតីតព្រះមហាក្សត្រថៃ ដែលមានអ្នកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ និងពិភពលោក ។ លើសពីនេះ ប្រទេសថៃនឹងកត់ត្រាកីឡា Muay Thai ចូលក្នុងបញ្ជី Guinness World Records : GWR ផងដែរ ។
ក្នុងពិធីនេះបានបង្ហាញពីកីឡា Muay Thai ៤ប្រភេទ និងការសម្តែងក្បាច់ Muay Thai ក្នុង៤តំបន់ដែលបន្តពីក្បាច់គុនបុរាណថៃ ហើយចែកចេញជាក្បាច់ផ្សេងៗតាមតំបន់ ដូចជា Muay កូរ៉ាតពីភាគឦសាន, Muay លុបបុរីពីភាគកណ្តាល, Muay ឆៃយ៉ាពីភាគខាងត្បូង និង Muay ថាសៅពីភាគខាងជើង ហើយមានពាក្យសរសើរថា ៖ «កណ្តាប់ដៃធ្ងន់ កូរ៉ាត, ឆ្លាត លុបបុរី, ក្បាច់ល្អ ឆៃយ៉ា, ដៃរហ័ស ថាសៅ» ។
គេចាត់ទុកថា Muay Thai គឺជាការរួមកម្លាំងកីឡាករដ៏ធំមួយរបស់ប្រទេសថៃ និងធ្វើឱ្យទូទាំងពិភពលោកទទួលស្គាល់ថា Muay Thai គឺជាមរតករបស់ប្រទេសថៃ និងមរតកពិភពលោក ៕
ប្រភព ៖ TNN Thailand










