ប្រទេសហ្វីលីពីន ៖ ករណីហ្វីលីពីនបើកផ្លូវឱ្យអាមេរិកតាំងមូលដ្ឋានទ័ពបន្ថែម៤កន្លែងទៀតក្នុងប្រទេសរបស់ខ្លួន ទីបំផុត ប្រទេសចិនបានចេញមកដាស់តឿនហ្វីលីពីនថា កុំឱ្យអាមេរិកយកប្រៀប និងទាញចូលក្នុងជម្លោះក្នុងតំបន់ ។
សេចក្តីថ្លែងការណ៍ពីស្ថានទូតចិនប្រចាំក្រុងម៉ានីល កាលពីថ្ងៃទី២ ខែកុម្ភៈថា ហ្វីលីពីន និងអាមេរិក ត្រូវទទួលខុសត្រូវសកម្មភាពរបស់ខ្លួន ។ ចិនប្រកាន់ជំហរថា ការសហការផ្នែកកងទ័ព និងស្ថេរភាពជាមួយប្រទេសផ្សេងៗ គួរតែមានការរួមចំណែកពីសន្តិភាព និងស្ថេរភាពក្នុងតំបន់ មិនមែនប្រឆាំងនឹងប្រទេសទី៣ ឬការបំផ្លាញផលប្រយោជន៍ផ្សេងៗរបស់ប្រទេសទី៣ ទេ ។ ការបង្កើនកម្លាំងទ័ពក្នុងតំបន់ដោយសារផលប្រយោជន៍របស់ខ្លួន វានឹងធ្វើឱ្យតំបន់កាន់តែតានតឹងខ្លាំង ។ ហ្វីលីពីនត្រូវប្រយ័ត្ន និងទប់ទល់ការកេងប្រវ័ញ្ច ដោយសារការអូសហ្វីលីពីនចូលពាក់ព័ន្ធនឹងជម្លោះដែនទឹក ។
កិច្ចព្រមព្រៀងតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន គឺក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ជាផ្នែកមួយនៃការធ្វើទេសចរតំបន់អាស៊ី ក្នុងគោលដៅទប់ទល់ឥទ្ធិពលកើនឡើងខ្លាំងក្នុងតំបន់របស់ចិន ។
សេចក្តីថ្លែងការណ៍រួមរវាងហ្វីលីពីន និងអាមេរិកបញ្ជាក់ថា ប្រទេសទាំងពីរដាក់ផែនការជំរុញកិច្ចសហការផ្នែកការពារប្រទេស ដោយអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានទ័ព៤កន្លែងទៀតនៅហ្វីលីពីន ខណៈកាលពីមុន មានមូលដ្ឋានទ័ព៥កន្លែងរួចហើយ ។
លោក Lloyd Austin ថ្លែងថា លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Carlito Galvez ហើយបានលទ្ធផលថា នឹងចាត់វិធានការជាក់ស្តែងលើបញ្ហាអសន្តិសុខក្នុងដែនទឹក ដែលហ្វីលីពីន និងអាមេរិកសន្យាថា នឹងបង្កើនកម្លាំងទប់ទល់នឹងការវាយប្រហារដោយអាវុធណាមួយ ។
ទោះយ៉ាងណា នៅតែមានការប្រជែងគ្នារវាងចិន និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលគេការបារម្ភពីចិនបង្កើនសមត្ថភាពកងទ័ព និងធ្វើសមយុទ្ធជាញឹកញាប់ទាំងក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ។
ជម្លោះរវាងចិន និងប្រទេសជាច្រើនក្នុងតំបន់លើបញ្ហាអធិបតេយ្យភាពដែនទឹក ធ្វើឱ្យប្រទេសជាច្រើនត្រូវជ្រើសរើសប្រទេសមហាអំណាចណាមួយ ។ កន្លងមក មន្ត្រីអាមេរិកបញ្ជាក់ថា អាមេរិកនឹងជួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យក្រោកឡើងប្រឈមជាមួយចិន ប៉ុន្តែចិនចោទអាមេរិកថា ធ្វើឱ្យមានភាពតានតឹងដោយការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាបន្តបន្ទាប់ចូលក្នុងតំបន់ ហើយគំនិតផ្តួចផ្តើមសន្តិសុខរបស់អាមេរិកកំពុងបំផ្លាញសន្តិភាពផងដែរ ៕
ប្រភព ៖ TNN World










