ប្រទេសជប៉ុន-កូរ៉េខាងត្បូង ៖ នាវាដឹកទំនិញរបស់ហុងកុងមួយគ្រឿងបានលិចកាលពីថ្ងៃទី២៥ ខែមករា នៅឆ្នេរសមុទ្ររវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្បែរកោះឈេជូរបស់កូរ៉េខាងត្បូង ។ ភ្នាក់ងារសង្គ្រោះបានជួយជីវិតអ្នកធ្វើការក្នុងនាវាចំនួន១៣នាក់ ខណៈអ្នកធ្វើការសរុបមាន២២នាក់ ហើយបាត់ខ្លួន៩នាក់ ។
តាមសេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា អ្នកធ្វើការក្នុងនាវាដែលត្រូវបានជួយសង្គ្រោះទាំង១៣នាក់ គឺដឹងខ្លួនតែម្នាក់គត់ ។ គេមិនដឹងថា អ្នកមិនទាន់ដឹងខ្លួននោះស្លាប់ឬរស់យ៉ាងណាទេ ក្នុងនោះមានជនជាតិចិន១៤នាក់ និងមីយ៉ាន់ម៉ា៨នាក់ ។
លោក Hirokazu Matsuno អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន បានថ្លែងថា ភ្នាក់ងារសង្គ្រោះកំពុងតាមស្វែងរកអ្នកធ្វើការក្នុងនាវានេះ១៧នាក់ ។ លោកបន្តថា ឆ្មាំសមុទ្ររបស់កូរ៉េខាងត្បូង និងជប៉ុនបានសហការគ្នាតាមស្វែងរកអ្នកបាត់ខ្លួន ។
បើតាមមន្ត្រីកូរ៉េខាងត្បូងនិយាយថា គេបានបញ្ជូននាវា និងយន្តហោះរបស់ជប៉ុន និងកូរ៉េខាងត្បូងជាច្រើនគ្រឿងតាមរកអ្នកបាត់ខ្លួនបន្តទៀត ។ លើសពីនេះ មាននាវាដឹកទំនិញឯកជន២គ្រឿងបានមកជួយផងដែរ ប៉ុន្តែរលក និងខ្យល់ខ្លាំងពេក ធ្វើឱ្យពួកគេពិបាកតាមរក ។
ឆ្មាំសមុទ្រប្រចាំនៅកោះឈេជូនិយាយថា បានទទួលសញ្ញាឱ្យជួយសង្គ្រោះពីនាវាដឹកទំនិញ Jin Tan ស្ថិតនៅក្បែរឆ្នេរកោះឈេជូរបស់កូរ៉េខាងត្បូងទៅភាគអាគ្នេយ៍ប្រហែល១៤៨គីឡូម៉ែត្រ ។ ក្រោយមក នាវាដែលលិចនេះបានផ្តល់ដំណឹងមកតាមទូរស័ព្ទផ្កាយរណបថា នាវិកទាំងអស់នឹងបោះបង់នាវាចោល ។
ចំណែកឆ្មាំសមុទ្រជប៉ុនបញ្ជាក់ថា នាវាដឹកទំនិញ Jin Tan មានទម្ងន់៦.៥៥១តោន និងបានដឹកឈើកែច្នៃ ។ បន្ទាប់ពីបញ្ជូនសញ្ញាសុំការជួយសង្គ្រោះ នាវានេះក៏បានលិចទៅក្នុងទឹកសមុទ្រ ឆ្ងាយពីឆ្នេរសមុទ្រនៃទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន ប្រមាណ១៦០គីឡូម៉ែត្រ និងឆ្ងាយពីឆ្នេរកោះឈេជូរបស់កូរ៉េខាងត្បូងប្រមាណ១៥០គីឡូម៉ែត្រ ៕
ប្រភព ៖ TNN World