ទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា បរិយាកាសកិច្ចពិភាក្សាគ្នារវាងលោក លីវ ហេ ឧបនាយករដ្ឋមន្ត្រីចិន និងលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក នៅទីក្រុងហ្សូរីច ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែមករា បានដំណើរការទៅដោយភាពរីករាយ ។ ភាគីទាំងពីរបានព្រមព្រៀងសហការគ្នាដោះស្រាយបញ្ហាការឡើងកំដៅផែនដី សេដ្ឋកិច្ច សម្ព័ន្ធភាព រួមទាំងរារាំងការប្រកួតប្រជែងមិនឱ្យក្លាយទៅជាជម្លោះផងដែរ ។
ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ថ្លែងថា នឹងស្វែងរកកិច្ចសហការគ្នាបន្ថែមទៀតជាមួយចិន លោក លីវ ហេ ឧបនាយករដ្ឋមន្ត្រីចិនតបថា ចិនព្រមធ្វើការរួមគ្នាដើម្បីស្វែងរកចំណុចរួមរវាងប្រទេសទាំងពីរ មិនថាស្ថានការណ៍ផ្លាស់ប្តូរយ៉ាងណា ចិននិងអាមេរិកគួរតែចរចាគ្នា និងធ្វើពាណិជ្ជកម្មរួមគ្នាជានិច្ច ។
ក្រសួងហិរញ្ញវត្ថុអាមេរិកឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ទាំងពីរភាគីនឹងរួមសហការគ្នាស្វែងរកប្រាក់ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ហើយនៅពេលឆាប់ៗនេះ លោកស្រី Janet Yellen មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិន ។ កិច្ចប្រជុំក៏បានពិភាក្សាគ្នាផងដែរអំពីសេដ្ឋកិច្ចរបស់អាមេរិកនិងចិន កំពុងប្រឈមនឹងបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងបញ្ហាផ្សេងទៀត ។
លោកស្រី Janet Yellen បន្តថា អាមេរិកនិងចិនគួរតែជជែកគ្នាត្រង់ៗ និងមិនគួរបណ្តោយឱ្យយល់ខុសទេ ជាពិសេស ការខ្វះទំនាក់ទំនងធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរ និងទំនាក់ទំនងហិរញ្ញវត្ថុអាមេរិកជាមួយចិនកាន់តែអាក្រក់ទៅ ។
សារព័ត៌មានស៊ីនហួររបស់ចិនរាយការណ៍ថា លោក លីវ ហេ បារម្ភអំពីបញ្ហានយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់អាមេរិកជាមួយចិន និងសង្ឃឹមថា អាមេរិកនឹងចាប់អារម្មណ៍ពីផលប៉ះពាល់របស់នយោបាយទាំងនេះ ។ ជាមួយគ្នានេះ ភាគីទាំងពីរត្រូវសម្លឹងមើលទិដ្ឋភាពរួម និងព្យាយាមចាត់ការជម្លោះដើម្បីរក្សាស្ថិរភាព និងសម្ព័ន្ធភាព ៕
ប្រភព ៖ The Standard










