ភ្នំពេញ៖ ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ត ព្រះវិហារ នៅតែទទូច ស្នើដល់ មន្ត្រីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត ក្រោយ ពួកគេរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតៗ ជា បន្ត បន្ទាប់ ក្នុង តំបន់ ការ ពារព្រៃព្រះរការ។

ស្ថានភាពនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅតែមានបទល្មើសកើតឡើងឥតឈប់ឈរស្ទើតែរាល់ថ្ងៃ។ ជាមួយគ្នានេះ ប្រជាសហគមន៍បានបង្ហាញការព្រួយបារម្ភខ្លាចបាត់បង់ដែនជម្រកសត្វព្រៃព្រះរការ ខណៈពួកគេនៅតែបន្តរកឃើញបទល្មើសកាប់ឈើប្រណិតៗជាច្រើនប្រភេទ ដូចជា ដើមពពេល ផ្តៀក ស្ទៀង កកោះ ឈ្លីក និងឈើទាល (ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ) ដោយ ដើមឈើដែលរងការកាប់បំផ្លាញទាំងនេះ គឺមានមុខកាត់ចាប់ពី ៣៤សង់ ទីម៉ែត្រ ដល់ ៩០សង់ទីម៉ែត្រ។

យ៉ាងណាមិញនាមុននេះបន្តិចយោងតាមការបង្ហោះរបស់លោក តាន់ គីមសួរ បានបង្ហាញរូបភាពមួយសន្លឹកដែលសុទ្ធសឹងតែជាឧបករណ៍ជកគ្រឿងញៀន (ម៉ាទឹកកក) ជាក់ស្ដែងលោកក៏បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ថៅកែឈើមិនចេញមុខដោយផ្ទាល់ទេ តែគឺជាអ្នកផ្គត់ផ្គង់របស់ទាំងនេះទៅឲ្យអ្នកកាប់ឈើ តើសមត្ថកិច្ចពាក់ព័ន្ធអាចធ្វើការស៉ើបអង្កេតរឿងនេះបានទេ?» ។

ចំពោះបញ្ហានេះដែរអាចបង្ហាញចេញមកថាទំនោរជាថៅកែឈើ បានផ្ដល់គ្រឿងញៀនឱ្យទៅកម្មករដើម្បីជាថ្នូរដោះដូរនឹងកម្លាំងពលកម្មដែលពួកគេបានកាប់ឈើស្ទើរតែជារៀងរាល់ថ្ងៃ ខណៈការកាប់នេះគឺកប់មួយព្រឹកដល់យប់ យប់ដល់ព្រឹក ដោយពួកគេបានជក់គ្រឿងញៀននេះហើយទើបមានកម្លាំងធ្វើការ ដោយសម្រាកតែបន្តិចបន្តួចតែប៉ុណ្ណោះ។

ជាក់ស្ដែងការផ្ដល់គ្រឿងញៀននេះទៅឱ្យកម្មករគឺវាបំផ្លាញទាំងធនធានធម្មជាតិ បំផ្លាញទាំងធនធានមនុស្ស ដូច្នេះហើយយើងសូមសំណូមពរយ៉ាងមុតមាំទៅកាន់សមត្ថកិច្ចសូមមេត្តាជួយអន្តរាគមន៍នៅក្នុងករណីនេះផង ព្រោះបើនៅតែបន្តឱ្យរឿងនេះកើតឡើងមិនយូរមិនឆាប់ទេនឹងនាំឱ្យវិបត្តិដល់សង្គមជាក់ជាមិនខាននោះទេ ៕