អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យសភាអនុម័តច្បាប់មួយ ដើម្បីដកប្រទេសរុស្ស៊ីចេញពីកិច្ចព្រមព្រៀងចំនួន២១ ទាក់ទងនឹងក្រុមប្រឹក្សាអឺរ៉ុប ក្នុងពេលដែលមានភាពតានតឹងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានប្រគល់ជូនប្រធានសភាតំណាងរាស្រ្ត លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) នូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបញ្ចប់ការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាក្រុមប្រឹក្សាអឺរ៉ុប (CoE) ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធឆ្នាំ១៩៩៥ ។
យោងតាមច្បាប់នេះ សន្ធិសញ្ញាចំនួន២១ នឹងលែងអនុវត្តចំពោះប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី១៦ ខែមីនា រួមទាំងអនុសញ្ញាស្តីពីការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងអនុសញ្ញាអឺរ៉ុបស្តីពីការបង្ក្រាបអំពើភេរវកម្ម។
គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិក៤២ ក្នុងចំណោម៤៧ CoE បានបោះឆ្នោតព្យួរសមាជិកភាពរបស់រុស្ស៊ីដោយសារតែជម្លោះនៅអ៊ុយក្រែន។ រុស្ស៊ីបានថ្កោលទោសទង្វើនេះ ហើយបានប្រកាសដកខ្លួនចេញពី CoE នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។
សភាអ៊ឺរ៉ុបកាលពីចុងឆ្នាំមុនបានប្រកាសថារុស្ស៊ីជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ដោយចោទប្រកាន់កងកម្លាំងរបស់ខ្លួនថា “ប្រព្រឹត្តអំពើឃោរឃៅ” នៅអ៊ុយក្រែន។ ដំណោះស្រាយនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៤៩៤ និង ៥៨ប្រឆាំង។
ទំនាក់ទំនងរវាងរុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុបបានកើនឡើងបន្ទាប់ពីជម្លោះនៅអ៊ុយក្រែន។ អឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី និងបានជួយអ៊ុយក្រែនយ៉ាងសកម្មជាមួយនឹងការផ្ដល់អាវុធ ទោះបីជាមានការព្រមានពីទីក្រុងមូស្គូថា វានឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងយ៉ាងណាក៏ដោយ ៕










