សហរដ្ឋអាមេរិក ៖ ក្រុមបាតុករជាច្រើនរយនាក់មកពីក្រុងញូវយ៉ក និងតំបន់ក្បែរនោះបាននាំគ្នាប្រមូលផ្តុំ និងដើរជាក្បួននៅបរិវេណ Times Square កាលពីសប្តាហ៍កន្លងមក ដើម្បីប្រឆាំងនឹងការចូលរួមក្នុងសង្គ្រាមនៅក្រៅប្រទេសរបស់អាមេរិក ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលងាកមកដោះស្រាយបញ្ហាក្នុងប្រទេស ដូចជា អ្នកគ្មានផ្ទះសម្បែង ការអប់រំ និងការព្យាបាលក្នុងមន្ទីរពេទ្យជាដើម ។
បណ្តាក្រុមបាតុករបានប្រឆាំងនឹងការពង្រីកទឹកដីរបស់ណាតូ ប្រឆាំងការអំពាវនាវរបស់អាមេរិករកសន្តិភាពនៅអ៊ុយក្រែន និងរិះគន់ករណីអាមេរិកចំណាយប្រាក់មហាសាលជាមួយវិបត្តិប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការណ៍ចុងក្រោយរបស់សេតវិមានថា នឹងត្រៀមផ្គត់ផ្គង់កងកម្លាំងមីស៊ីលបាញ់ទៅលើអាកាសសម្រាប់ទីកុ្រងគៀវ ។
លោក Brian Baker ប្រធានក្រុម ANSWER Coalition ជាសម្ព័ន្ធប្រឆាំងសង្គ្រាមរបស់សហរដ្ឋអាមេរិក បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានស៊ីនហួរថា ពួកលោកប្រឆាំងនឹងការពង្រីកទឹកដីគ្មានទីបញ្ចប់របស់ណាតូ ព្រោះវាខ្វះការគិតពិចារណា និងបង្កហេតុផ្សេងៗ ។ លោកបន្តថា ក្រៅពីការធ្វើឲ្យសង្គ្រាមកាន់តែតានតឹង និងផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន អាមេរិកគួរតែងាកមកចរចាគ្នានៅលើតុវិញ និងទទួលស្គាល់ថា ការបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីជារឿងត្រឹមត្រូវ ។
លោកបន្ថែមថា អាមេរិកកំពុងចាយវាយប្រាក់ពិសេសចំនួន៦ម៉ឺន៥ពាន់លានដុល្លារអាមេរិកទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈនៅអាមេរិកមានមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង សាលារៀនផ្សេងៗមានប្រាក់ឧបត្ថម្ភមិនគ្រប់គ្រាន់ ហើយពលរដ្ឋជាច្រើនគ្មានប្រាក់ដើម្បីព្យាបាលខ្លួននៅមន្ទីរពេទ្យ ។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់ប្រាក់ខាងលើជួយពលរដ្ឋអាមេរិក ជំនួសការយកប្រាក់ទៅឧបត្ថម្ភកងទ័ព និងសង្គ្រាម ។
ក្រៅពីមានការប្រឆាំងតវ៉ាពីក្រុម ANSWER Coalition ហើយ គេគិតថា នឹងមានការតវ៉ាដូចគ្នានេះដែរនៅតាមទីក្រុងផ្សេងៗរបស់អាមេរិក ៕
ប្រភព ៖ the States Times










