បឹងមួយមានឈ្មោះថា Lake Hillier ស្ថិតនៅប្រជុំកោះ Recherche ភាគខាងលិចប្រទេសអូស្ត្រាលី ជាបឹងដែលមានទឹកពណ៌ផ្កាឈូក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើហេតុអ្វី បានជាទឹកបឹងនេះ មានពណ៌ខុសប្រក្រតីបែបនេះ?
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទឹកពណ៌ផ្កាឈូកនេះ កើតឡើងដោយសារវត្តមានសារាយម្យ៉ាងនៅបាតបឹង។ 
អ្នកស្រាវជ្រាវបានប្រមូលល្បាប់ដី និងទឹកពីក្នុងបឹង ដើម្បីរកមើលជាតិសារាយ និងបាក់តេរីផ្សេងទៀតរស់នៅក្នុងទឹក។ ចុងក្រោយ គេពិនិត្យឃើញសារាយសំខាន់ជាងគេឈ្មោះ Dunaliella Salina ជាអ្នកផលិតជាតិពណ៌ដ៏ច្រើនឈ្មោះ Carotenoids។
ទោះជាយ៉ាងណា សារាយ D.Salina នេះ មិនមែនជាអ្នកចូលរួមតែមួយមុខគត់ទេ នៅមានសារធាតុជាច្រើនទៀត ដូចជាប្រភេទបាក់តេរី Salinibacter ruber និងបាក់តេរីក្រអូប Dechloromonas។ ក្រៅពីបឹងនៅអូស្ត្រាលី គេក៏ឃើញមានសារាយបែបនេះនៅ ក្នុងបឹង Lake Retba ប្រទេសសេណេហ្កាល់ផងដែរ៕
ប្រភព៖ Wikipedia
		
	









