សហគមន៍ស្មសាន ឬសហគមន៍ផ្នូរខ្មោចនោះ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខាងត្បូងទីក្រុងកោះពេជ្រ។ ប៉ុន្តែអ្នកទៅលេងកោះពេជ្រ ឬរស់នៅកោះពេជ្រ ភាគច្រើនទំនងជាមិនស្គាល់សហគមន៍ស្មសានឡើយ។
ពលរដ្ឋទាំងនោះរស់នៅលើដីកប់ខ្មោច អស់ជាច្រើនឆ្នាំមកហើយ។ ផ្ទះខ្លះសង់លើផ្នូរ១ ខ្លះសង់នៅលើផ្នូរពីរ រហូតដល់មានផ្នូរបី ឬបួននៅក្នុងផ្ទះផងក៏មាន។ ផ្ទះខ្លះយកផ្នូរខ្មោចកល់ធ្វើគ្រែដេក ធ្វើរានហាលសម្រាប់អង្គុយលេង អ្នកខ្លះយកធ្វើកន្លែងបោកខោអាវលាងចានដាំបាយជាដើម។
តាមរបាយការណ៍សិក្សាស្រាវជ្រាវស្ដីពីសំណង់អនាធិបតេយ្យក្នុងទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៩៤ បង្ហាញថា សំណង់អនាធិបតេយ្យនៅភូមិដើមស្លែង កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនាំគ្នាទៅតាំងទីលំនៅ ដោយសារភ័យខ្លាចការបាក់ច្រាំងទន្លេ។
បើតាមអ្នកស្រី ស៊ុន រ៉ាម៉ាលី ប្រធានសហគមន៍ស្មសាន្ត បច្ចុប្បន្ននេះ ផ្នូរខ្មោចជាច្រើននៅតំបន់នោះ ត្រូវបានគាស់រំលើងចេញ នៅសល់ប្រមាណជា ៥០ផ្នូរប៉ុណ្ណោះ៕










