បរទេស៖ ស្របពេលចិនមានវិបត្តិជំងឺកូវីដ-១៩ ស្រាប់តែអឺរ៉ុបបានរកឃើញកន្លែងផ្ទុករ៉ែដ៏កម្របំផុត ដោយគេ ប៉ាន់ស្មានថាមានជាង ១ លានតោន ជាមួយនឹងក្ដីសង្ឃឹមថ្មីដោយលែងពិងផ្អែកលើរ៉ែនាំចូលមកពីប្រទេសចិនបន្តទៀតនាពេលអនាគត។

នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣​ មានសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថាប្រទេសស៊ុយអែត បានរកឃើញប្រភពនៃធាតុរ៉ែកម្រ (Rare Earth) ឬក្រុមនៃធាតុកម្រចំនួន ១៧ ប្រភេទនៅក្នុងតារាងតាមកាលកំណត់ នៅតំបន់ភាគខាងជើងបំផុតរបស់ប្រទេសស៊ុយអែត។

ការរកឃើញប្រភេទរ៉ែទាំងអស់នេះត្រូវបានគេរំពឹងថាមានបរិមាណលើសពី ១ លានតោនដែលធ្វើឱ្យ វាក្លាយវាលផ្ទុករ៉ែកម្របំផុតនៅអឺរ៉ុបមិនធ្លាប់មាន។ លើសពីនេះការរកឃើញកំណប់រ៉ែដ៏ច្រើនសន្ធឹកសន្ធាប់នេះ គេសង្ឃឹមថាវាអាចជួយកាត់បន្ថយការនាំចូលរ៉ែកម្រពីប្រទេសចិន ព្រោះនាពេលបច្ចុប្បន្នសហភាពអឺរ៉ុប (EU) ដល់ទៅ ៩៨ ភាគរយទៅហើយដែលពឹងផ្អែកលើប្រទេសចិន។

ទន្ទឹមនឹងនោះលោក Jan Mostrom ប្រធានប្រតិបត្តិនៃ LKAB ក្រុមហ៊ុនរុករករ៉ែស៊ុយអែត បាននិយាយថា ខ្លួនបានរកឃើញប្រាក់កម្រៃដ៏ធំបំផុតរបស់អឺរ៉ុប ក្រោយការរកឃើញតំបន់រ៉ែកម្រដ៏សំខាន់សម្រាប់តំបន់ដែលជាសារធាតុរ៉ែលោហៈធាតុចំនួន ១៧ ប្រភេទ ដែលគេដឹងថាត្រូវបានប្រើប្រាស់ជាធាតុផ្សំសំខាន់ៗសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេស ឧបករណ៍អេឡិចត្រូនិក នៅក្នុងទូរស័ព្ទចល័ត ដ្រាយវ៍រឹង លើសពីនេះវាក៏មានសារៈសំខាន់ផងដែរសម្រាប់ការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថាមពលស្អាត ដូចជា ទួរប៊ីនខ្យល់ និងរថយន្តអគ្គិសនី រួមបញ្ចូលទាំងឧបករណ៍យោធា  ដូចជាប្រព័ន្ធកាំជ្រួចជាដើម។

ទោះជាយ៉ាងណា ដោយសារភាពលំបាកនៃការជីកយករ៉ែកម្រជាលើកដំបូង គេរំពឹងថាវានឹងចំណាយពេលប្រហែល ១០ ទៅ ១៥ ឆ្នាំ ទើបអាចជីក និងដំណើរការបានដោយរលូន។

យ៉ាងណាមិញរដ្ឋមន្ត្រី ថាមពលរបស់ប្រទេសស៊ុយអែត ​Ebba Busch បាននិយាយថា សហភាពអឺរ៉ុប មានការពឹងផ្អែកខ្លាំងពេកលើការនាំចូលរ៉ែពីប្រទេសចិន ហើយបញ្ហានេះចាំបាច់ត្រូវផ្លាស់ប្តូរដោយសហភាពអឺរ៉ុប គួរងាកមកពឹងលើខ្លួនឯង។

បន្ថែមពីនោះក្រុមហ៊ុនពាក់ព័ន្ធជាច្រើនបានជំរុញឱ្យអាជ្ញាធរគួរតែពន្លឿនច្បាប់អនុញ្ញាតសម្រាប់ការជីកយករ៉ែកម្រ ឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីធានាឱ្យបានកាន់តែច្រើននូវវត្ថុធាតុដើមនេះនៅក្នុងទ្វីបអឺរ៉ុបខ្លួនឯងផ្ទាល់៕ ប្រភព៖ Khaosod