អង្គការសុខភាពពិភពលោក (WHO) បានដាស់តឿនដល់ប្រទេសផ្សេងៗ គួរតែណែនាំឱ្យអ្នកដំណើរលើយន្តហោះពាក់ម៉ាស់ពេលហោះហើរផ្លូវឆ្ងាយ ដើម្បីការពារការរាតត្បាតរបស់ជំងឺកូវីដបង្កាត់ពូជពីអូមីក្រុង XBB.1.5 ដែលឆ្លងរាលដាលខ្លាំងនៅអាមេរិក ។
ពូជថ្មី XBB.1.5 គឺជាពូជបង្កាត់ពីអូមីក្រុង ដែលមានការរាតត្បាតខ្លាំងបំផុត និងស្មើ២៧,៦% របស់អ្នកឆ្លងជំងឺថ្មីនៅអាមេរិក ។ កាលពីថ្ងៃទី៧ ខែមករា មន្ត្រី WHO ថា ពូជ XBB.1.5 បានឆ្លងរួចហើយនៅប្រទេសជាច្រើន រួមទាំងនៅអឺរ៉ុបផងដែរ តែគេមិនដឹងថា វានឹងឆ្លងរាលដាលពេញពិភពលោកឬអត់ ។ អ្នកជំនាញបង្ហាញថា វ៉ាក់សាំងដែលប្រើប្រាស់ពេលបច្ចុប្បន្នអាចការពារអាការៈធ្ងន់ធ្ងរចូលមន្ទីរពេទ្យ និងការស្លាប់បាន ។
លោកស្រី Catherine Smallwood មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់របស់ WHO ប្រចាំអឺរ៉ុបថ្លែងថា អ្នកដំណើរគួរទទួលបានការណែនាំឱ្យពាក់ម៉ាស់នៅកន្លែងឆ្លងខ្លាំង និងមានវិធានការផ្សេងៗ ។ ទោះយ៉ាងណា មន្ត្រី WHO រូបនេះមិនបានណែនាំឱ្យពិនិត្យរកកូវីដសម្រាប់អ្នកដំណើរមកពីប្រទេសណាមួយទេ ។
ការបារម្ភពីការឆ្លងរាលដាលរបស់ពូជ XBB.1.5 នៅអាមេរិក ស្របពេលចំនួនអ្នកឆ្លងកូវីដនៅចិនកើនឡើងខ្ពស់ក្រោយការបើកប្រទេស និងបន្ធូរបន្ថយវិធានការរឹតបន្តឹង ។ កាលពីដើមខែមករា WHO បានរាយការណ៍ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺថា ពូជ BA.5.2 និង BF.7 ជាពូជរបស់អូមីក្រុងដូចគ្នា វាជាផ្នែកមួយនៃពូជដែលកំពុងរាលដាលក្នុងប្រទេសចិន ៕
ប្រភព ៖ TNN World










