ខ្នងវាល ឬ វាលធំ ដែលអ្នកភូមិតែងតែហៅ (ភាសាអ្នកមូលដ្ឋានមិនមានឈ្មោះផ្លូវការក្នុងផែនទី) ជាវាលស្រល់ដ៏ធំនៅជុំវិញដោយព្រៃស្រោង ស្ថិតក្នុងភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
ដើម្បីទៅដល់ទៅនោះ អ្នកទេសចរត្រូវធ្វើដំណើរដោយគោយន្តកន្លះម៉ោង និងថ្មើរជាងជាង៤ម៉ោងទើបអាចឡើងដល់កំពូលខ្នងវាល។ អំឡុងពេលដើរឡើងអ្នកទេសចរនឹងបានឮ សូរសំឡេងទឹកជ្រោះ សូរសំឡេងសត្វស្លាបយំកងរំពងនៅក្រោមដើមឈើធំៗអមជាមួយអាកាសធាតុត្រជាក់។
គួរបញ្ជាក់ផងដែរថា ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដែលសំបូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និងទឹកជ្រោះខ្ពស់ៗ ដើមឈើធំៗ និងវាលដើមស្រល់ដ៏ស្រស់ស្អាតជាទីទស្សនា។ មិនតែប៉ុណ្ណោះខ្នងវាលក៏ជាកន្លែងដ៏ស័ក្កសមសម្រាប់ការបោះតង់ ឬសាកថ្មជីវិតផងដែរ៕











