ប្រទេសចិន ៖ ពលរដ្ឋចិនជាច្រើននាក់បានមកតម្រង់ជួរនៅមុខការិយាល័យនាយកដ្ឋានអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំង ដើម្បីបន្តអាយុលិខិតឆ្លងដែនរបស់ពួកគេ ក្រោយពីរដ្ឋាភិបាលចិនប្រកាសលុបចេញនូវវិធានការពិនិត្យជំងឺកូវីដ-១៩ ។ វិធានការនេះធ្វើឱ្យពលរដ្ឋចិនចំនួន១.៤០០លាននាក់មិនបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេល៣ឆ្នាំ ។
ចិនបានបើកប្រទេសកាលពីថ្ងៃទី៨ ខែមករា កន្លងមកនេះ ដោយលុបចោលវិធានការកូវីដស្មើសូន្យរបស់ចិន ក្រោយពីមានពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងវិធានការនេះ ។ ក្រោយចិនបើកប្រទេសឡើងវិញ មានពលរដ្ឋជាច្រើនរីករាយ និងបានធ្វើដំណើរទៅក្រៅប្រទេសជាបន្តបន្ទាប់ ។
គេឃើញមានពលរដ្ឋជាង១០០នាក់មកតម្រង់ជួរដើម្បីបន្តអាយុលិខិតឆ្លងដែន ក្នុងចំណោមនោះ លោក Yang Jianguo អាយុ៦៧ឆ្នាំ និយាយថា លោកមានគម្រោងធ្វើដំណើរទៅលេងកូនស្រីនៅសហរដ្ឋអាមេរិកជាលើកដំបូង បន្ទាប់ពីខកខានអស់៣ឆ្នាំ ។ ពេលនេះ លោកជាមួយភរិយាមានក្តីសុខណាស់ដែលអាចធ្វើដំណើរទៅទីនោះបាន ។
ទីក្រុងប៉េកាំងបានលុបចោលលក្ខខណ្ឌជំងឺកូវីដ-១៩ គេសង្ឃឹមថា នឹងលើកទឹកចិត្តពលរដ្ឋចិនឱ្យធ្វើដំណើរទៅក្រៅប្រទេស ដោយពួកគេមិនចាំបាច់បារម្ភថា នឹងត្រូវបានឃុំខ្លួនពេលត្រឡប់មកប្រទេសខ្លួនវិញ ។
ទីភ្នាក់ងារព័ត៌មានស៊ិនហួររាយការណ៍ថា ចិនបានចូលដល់ដំណាក់កាលថ្មីមួយក្នុងការដោះស្រាយជំងឺកូវីដ ដោយអាងលើបទពិសោធន៍ការពារកូវីដ ការអភិវឌ្ឍនៃជំងឺរាតត្បាត និងអត្រាការចាក់វ៉ាក់សាំងកើនឡើង ។ ប៉ុន្តែចិនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារកូវីដ គិតមកដល់ថ្ងៃទី៩ ខែមករា ស្មើត្រឹម៥.២៧២នាក់ ដែលជាស្ថិតិមួយទាបបំផុតក្នុងពិភពលោក ។ ទោះយ៉ាងណា ចិននៅតែកំណត់លក្ខខណ្ឌសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសរបស់ខ្លួន គឺត្រូវតែពិនិត្យកូវីដហើយមានលទ្ធផលអវិជ្ជមាន ខណៈការឆ្លងរាលដាលនៃជំងឺនេះកើនឡើងខ្លាំង ៕
ប្រភព ៖ TNN World










