ប្រទេសជប៉ុន៖ អាជ្ញាធរក្នុងប្រទេសជប៉ុនបានសម្លាប់សត្វស្លាបជិត ១០ លានក្បាលនៅទូទាំងប្រទេសក្នុងគោលបំណងទប់ស្កាត់ភាពធ្ងន់ធ្ងរនៃការ ផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីថ្មី។

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ ថាក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទជប៉ុន បានរបាយការណ៍ពីការសម្លាប់សត្វបក្សី  ក្នុងរដូវជំងឺគ្រុនផ្ដាសាយបក្សីនាពេលបច្ចុប្បន្ន។

ដោយសត្វបក្សីជាង ៩,៩៨ លានក្បាលត្រូវបានគេដាក់ប្រមូលផ្ដុំគ្នាសម្រាប់ធ្វើការសម្រាប​ចោលជាទ្រង់ទ្រាយធំ ដែលនេះជាកំណត់ត្រាដ៏ខ្ពស់បំផុតមួយ។

ទន្ទឹមនឹងនោះផងដែរ សម្រាប់ស្ថិតិនៃជំងឺគ្រុនផ្តាសាយបក្សីបច្ចុប្បន្ននៅប្រទេសជប៉ុនដែលបានចាប់ផ្តើមរីករាលដាល តាំងពីខែតុលា ឆ្នាំ២០២២កន្លងទៅ ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វយ៉ាងហោចណាស់សរុប ៥៦ កន្លែង ក្នុងខេត្តចំនួន ២៣ ទូទាំងប្រទេស។ ដោយកាលពីកន្លងទៅ នៅក្នុងខេត្ត Ibaraki នៅភាគឦសាននៃទីក្រុងតូក្យូ អាជ្ញាធរក៏ធ្លាប់បានចាប់ផ្តើមសម្លាប់មាន់ប្រហែល ៩៣០.០០០ ក្បាលនៅក្នុងកសិដ្ឋានផងដែរ។

ទោះជាយ៉ាងណាក្រសួងកសិកម្ម និងសុខភាពរបស់ប្រទេសជប៉ុនបានសង្កត់ធ្ងន់ទៅកាន់សាធារណជនថា សាច់បសុបក្សី និងពងមាន់គ្រប់ប្រភេទនៅតែអាចទទួលទានបានជាធម្មតា ប៉ុន្តែវាត្រូវតែមានការចម្អិនឱ្យបានត្រឹមត្រូវមុនទទួលទាន៕ ប្រភព៖ dailynews