ប្រទេសថៃ ៖ សមាគមអ្នកនាំចេញអង្ករថៃបានបង្ហាញពីការនាំចេញអង្ករក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ គឺស្មើ៦,៩១លានតោន ស្ថិតក្នុងលំដាប់លេខ២របស់ពិភពលោក ខណៈប្រទេសឥណ្ឌានាំមុខគេ ដោយនាំចេញអង្ករដល់ទៅ១៨,២៥លានតោន ។ គេសង្ឃឹមថា ថៃអាចនាំចេញអង្ករលើសគោលដៅដែលស្មើ៧,៥លានតោន ។
នាយកសមាគមនាំចេញអង្ករថៃ លោក Charoen Lao Thammathat បានបង្ហាញពីបរិមាណការនាំចេញអង្ករក្នុងរយៈពេល១១ខែឆ្នាំ២០២២ (ខែមករា-ខែវិច្ឆិកា) មានបរិមាណ៦.៩០៧.៧៦១តោន កើនឡើង២៦,៨% ស្មើទឹកប្រាក់១២៣,៥១១.៣លានបាត ឬកើនឡើង២៩,២% បើធៀបនឹងឆ្នាំ២០២១ ដែលនាំចេញក្នុងបរិមាណ៥.៤៤៥.៨១០តោន ស្មើ៩៥,៥៩១.៧លានបាត ។
សម្រាប់ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មានបរិមាណ៧០៦.២៧០តោន ស្មើ១៤,៣៣៣.៣លានបាត ដោយបរិមាណថយចុះ១១,១% ប៉ុន្តែតម្លៃនាំចេញកើនឡើង២,៦% បើធៀបនឹងខែតុលា ដែលនាំចេញក្នុងបរិមាណ៧៩៤.២២៤តោន ស្មើ១៣,៩៧៤.១លានបាត ។ ទីផ្សារនាំចេញសំខាន់សម្រាប់អង្ករថៃមាន សហរដ្ឋអាមេរិក ចិន ហុងកុង កាណាដា សិង្ហបុរី និងអូស្ត្រាលី ជាដើម ខណៈថៃនាំចេញអង្ករសទៅកាន់ប្រទេសអ៊ីរ៉ាក់ ចិន ជប៉ុន អង់ហ្គោឡា ម៉ូសំប៊ិក ហ្វីលីពីន និងកាមេរ៉ូន ។
ទោះយ៉ាងណា សមាគមសង្ឃឹមថា ក្នុងខែធ្នូ ឆ្នាំ២០២២ ការនាំចេញអង្ករស្មើប្រមាណ៧៥ម៉ឺន-៨០ម៉ឺនតោន ដោយអ្នកនាំចេញអង្ករនានាជំរុញការនាំចេញតាមកិច្ចសន្យា ហើយសង្ឃឹមថា ការនាំចេញអង្ករឆ្នាំ២០២២ មានបរិមាណលើសគោលដៅដែលស្មើ៧,៥លានតោន ។
ប្រទេសថៃនៅតែដើរតួនាំចេញអង្ករលំដាប់លេខ២ក្នុងពិភពលោក ដោយនាំមុខវៀតណាមដែលនាំចេញបាន៦,៦៧លានតោន ខណៈឥណ្ឌាលំដាប់លេខ១ ជាអ្នកនាំចេញអង្ករច្រើនបំផុតក្នុងពិភពលោក ស្មើ១៨,២៥លានតោន ។ ប្រទេសប៉ាគីស្ថានបាននាំចេញ៣,៧៤លានតោន ហើយអាមេរិកនាំចេញ១,៩៩លានតោន ។ ដូច្នេះ អង្ករថៃនាំចេញរហូតដល់៦០% របស់ការនាំចេញអង្ករទាំងអស់ ។
ទីផ្សារនាំចេញសំខាន់ៗមាន ប្រទេសអ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង ចិន អាមេរិក និងបេនីន ក្រៅពីនេះមាន ជប៉ុន សេណេហ្គាល់ អង់ហ្គោឡា ហ្វីលីពីន ម៉ូសំបិក កាមេរ៉ូន និងហុងកុង ជាដើម ។ គួរបញ្ជាក់ថា តម្លៃអង្កររបស់ថៃបច្ចុប្បន្ន គឺមិនខុសគ្នាពីគូប្រជែងទេ ដែលធ្វើឱ្យថៃអាចប្រជែងជាមួយប្រទេសទាំងនោះបាន ៕ ប្រភព ៖ Post Today










