ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា ផ្លែឈើថៃមានកេរ្តិ៍ឈ្មោះ ដូចជា ម្នាស់កំប៉ុងថៃបានជាប់លំដាប់លេខ១ក្នុងពិភពលោក ហើយផ្លែស្វាយខេត្តសុងក្លា ក៏បានចុះបញ្ជី GI រួចហើយដែរ ដែលបានបង្កើនប្រាក់ចំណូលដល់កសិករ ។
កាលពីថ្ងៃទី៤ ខែមករា លោក Anucha Burapachaisri អនុរដ្ឋលេខាធិការផ្នែកនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជ្រាបពីសក្តានុពលរបស់ថៃ ក្នុងឋានៈជាប្រទេសនាំចេញផ្លែម្នាស់និងម្នាស់កំប៉ុង លំដាប់លេខ១ក្នុងលោក មានតម្លៃ២ម៉ឺនលានបាត ដោយគ្រប់គ្រងទីផ្សារពិភពលោកដល់៣២% ខណៈហ្វីលីពីនជាប់លំដាប់លេខ២ ស្មើ២២% និងសរសើរការងាររបស់ផ្នែកពាក់ព័ន្ធដែលជួយគាំទ្រផលិតផលម្នាស់កំប៉ុងរហូតដល់នាំចេញលំដាប់លេខ១ ។
រោងចក្រម្នាស់កំប៉ុងភាគច្រើនរបស់ថៃស្ថិតនៅខេត្តប្រាជួប សិរ៉ីខាន់ (Prachuap Khiri Khan) ។ រដ្ឋាភិបាលបានចាត់ផែនការអភិវឌ្ឍន៍ម្នាស់រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដើម្បីជួយដល់ឧស្សាហកម្មផលិតម្នាស់ បង្កើនសក្តានុពលការផលិត ការបំលែងរូប និងទីផ្សារ ។ លើសពីនេះ ក៏មានផែនការអភិវឌ្ឍន៍សំខាន់ទៀតដើម្បីជំរុញប្រាក់ចំណូល និងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មម្នាស់យូរអង្វែង ។
ទីស្តីការនាយករដ្ឋមន្ត្រីបន្ថែមថា រីឯផ្លែស្វាយនៅខេត្តសុងក្លា ជាទំនិញមួយដែលទទួលបានការនិយមចូលចិត្តពីអ្នកនៅទីនោះ និងភ្ញៀវទេសចរ ដែលតែងទិញផ្ញើមិត្តភក្តិ ខណៈស្វាយនេះបានចុះបញ្ជីនៅ GI រួចហើយ ។ ស្វាយបានបង្កើតប្រាក់ចំណូលដល់កសិករក្នុងតំបន់ជាង៥៨លានបាតក្នុង១ឆ្នាំតាមនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដើម្បីកសាងទំនុកចិត្តដល់អតិថិជន និងពង្រីកទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់ ។
លោកនាយករដ្ឋមន្ត្រីបានសរសើរ និងអរគុណដល់ការធ្វើការរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាកសិករក្នុងតំបន់ និងផ្នែកឯកជន រួមគ្នាធ្វើការតាមវិធានការរបស់រដ្ឋ ពង្រីកសក្តានុពលគុណភាពផលិតផលថៃ ដើម្បីកេរ្តិ៍ឈ្មោះ និងការជឿជាក់ក្នុងការនាំចេញ ។ លើសពីនេះ លោកប្រាយុទ្ធ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយអភិវឌ្ឍន៍សមត្ថភាពផ្នែកផលិត ការនាំចេញផលិតផល និងសិក្សាពីតម្រូវការទីផ្សារក្រៅប្រទេសដើម្បីបង្កើនប្រាក់ចំណូលកសិករ ៕
ប្រភព ៖ THE STATES TIMES










