បរទេស៖ ទីភ្នាក់ងារឧតុនិយមអាមេរិកបានធ្វើការព្រមាន រដ្ឋកាលីហ្វ័រញ៉ាដែលនឹងបន្តជួបប្រទះនូវឥទ្ធិពលធ្ងន់ធ្ងរនៃបាតុភូត “ព្យុះស៊ីក្លូន” រួមទាំងទឹកជំនន់ និងការរអិលបាក់ដី ដែលបាតុភូតនេះបានបណ្តាលឱ្យមនុស្ស២ នាក់បានបាត់បង់ជីវិត។
.jpg)
នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ថាទីភ្នាក់ងារឧតុនិយមជាតិអាមេរិក (NWS) បានព្យាករណ៍ ថានឹងមានភ្លៀងធ្លាក់ ២.៥ សង់ទីម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ភាគច្រើននៃរដ្ឋកាលីហ្វ័រញ៉ា លើកលែងតែតំបន់តាមបណ្តោយឆ្នេរភាគខាងត្បូង ដែលតំបន់នេះគេព្យាករណ៍ថា ភ្លៀងអាចនឹងធ្លាក់ ៧.៦ សង់ទីម៉ែត្រក្នុងមួយម៉ោង។ ខណៈពេលដែលថ្មីៗនេះរដ្ឋកាលីហ្វ័រញ៉ាបានជួបប្រទះនូវឥទ្ធិពលធ្ងន់ធ្ងរនៃបាតុភូត “ព្យុះស៊ីក្លូន” រួមទាំងទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលឱ្យមនុស្ស២ នាក់បានបាត់បង់ជីវិត។
ជាមួយគ្នានោះផងដែរ ទីភ្នាក់ងារឧតុនិយម បានព្យាករណ៍បន្តថានឹងមានព្រិលធ្លាក់ខ្លាំងនៅក្នុងតំបន់ជ្រលងភ្នំនៃរដ្ឋកាលីហ្វ័រញ៉ា រួមជាមួយនឹងការព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើនផ្សេងទៀត ជាពិសេសនៅតំបន់ដែលរងគ្រោះដោយភ្លើងឆេះព្រៃ រួមទាំងតំបន់ដែលធ្លាប់ទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្យុះមូសុង រួមមានតំបន់ខាងជើងក៏មានការព្រមានអំពីរលកព្យុះកម្ពស់ជាច្រើនម៉ែត្រផងដែរ ។
យ៉ាងណាមិញសូមបញ្ជាក់ផងដែរថា កាលីហ្វ័រញ៉ាកំពុងប្រឈមមុខនឹងឥទ្ធិពលនៃរលកថ្មីពី “ព្យុះស៊ីក្លូន” ដែលមានន័យថាអាកាសធាតុអាក្រក់ខ្លាំង ដែលបណ្តាលមកពីសម្ពាធទាបភ្លាមៗ។ ហើយវាបាន ពង្រីកឥទ្ធិពល របស់វាដល់កម្រិតកាន់តែខ្លាំង ចាប់តាំងពីពីថ្ងៃពុធកន្លងទៅ។

លើសពីនេះលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា ក៏បានប្រកាសស្ថានភាពអាសន្ន ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារពាក់ព័ន្ធបង្កើនការត្រៀមខ្លួន ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយនេះ ហើយប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់មួយចំនួនត្រូវបានព្រមាន អំពីលទ្ធភាពនៃការជម្លៀសខ្លួនផងដែរ៕ ប្រភព៖ Dailynews











