តៃវ៉ាន់ ៖ តៃវ៉ាន់នឹងចែកប្រាក់ចំនួន៦.០០០ដុល្លារតៃវ៉ាន់ដល់ពលរដ្ឋរបស់ខ្លួននៅឆ្នាំ២០២៣ ដោយបញ្ជាក់ថា ប្រាក់នេះជាការតបស្នងពីការលូតលាស់សេដ្ឋកិច្ចស្មើ៦,៤៥%ក្នុងឆ្នាំ២០២១ វាជាការលូតលាស់យ៉ាងរហ័សតាំងពីឆ្នាំ២០១០ ។

លោកនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Zhengchang បានប្រកាសកាលពីថ្ងៃទី៤ ខែមករាថា រដ្ឋាភិបាលតៃវ៉ាន់នឹងផ្តល់ប្រាក់ដល់ពលរដ្ឋក្នុងម្នាក់៦.០០០ដុល្លារតៃវ៉ាន់ ដោយប្រើប្រាស់ទឹកប្រាក់សរុប១៤០.០០០លានដុល្លារតៃវ៉ាន់ ។ វាជាប្រាក់ចំណូលមួយផ្នែករបស់រដ្ឋាភិបាល ដែលបានពីការប្រមូលពន្ធលើសគោលដៅ ។ រដ្ឋាភិបាលនឹងបែងចែកផលសម្រេចខាងសេដ្ឋកិច្ចដល់ពលរដ្ឋតៃវ៉ាន់គ្រប់រូប ប៉ុន្តែការបែងចែកនេះត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋសភាតៃវ៉ាន់ផងដែរ ។

លោកនាយករដ្ឋមន្ត្រីបន្តថា លោកជូនពរដល់ពលរដ្ឋតៃវ៉ាន់ទាំងអស់ជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដែលនឹងចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែមករា តែលោកមិនបានបង្ហើបថា រដ្ឋាភិបាលនឹងចែកប្រាក់នោះទៅពលរដ្ឋតាមវិធីណាទេ ។

តៃវ៉ាន់ គឺជាអ្នកនាំចេញទំនិញបច្ចេកវិទ្យាធំមួយ មានបន្ទះអេឡិចត្រូនិកជាផ្នែកសំខាន់ មានអត្រាលូតលាស់ខាងសេដ្ឋកិច្ចខ្ពស់ដល់៦,៤៥%ក្នុងឆ្នាំ២០២១ គឺបានលូតលាស់យ៉ាងឆាប់រហ័សតាំងពីឆ្នាំ២០១០មក ដែលមានតួលេខខ្ពស់ដល់១០,២៥% ។ រដ្ឋាភិបាលតៃវ៉ាន់បានដាក់ផែនការផ្តល់ទឹកប្រាក់បន្ថែមចំនួន៣៨០.០០០លានដុល្លារតៃវ៉ាន់ដើម្បីជំរុញសេដ្ឋកិច្ច និងការពារតៃវ៉ាន់ពីការជាប់គាំងសេដ្ឋកិច្ច ដូចជា ការប្រគល់ប្រាក់ឧបត្ថម្ភថ្លៃអគ្គិសនី ការជួលកម្លាំងពលកម្ម និងថ្លៃធានារ៉ាប់រងសុខភាព ៕How Taiwan beat COVID-19 – new study reveals clues to its success

ប្រភព ៖ TNN World