រដ្ឋធានីតេអ៊ីរ៉ង់៖ រហូតមកដល់ថ្ងៃទី៣ ខែមករា ជាខួបគម្រប់៣ឆ្នាំ នៃការសម្លាប់មេទ័ពកំពូលដ៏មានអំណាចបំផុតរបស់អ៊ីរ៉ង់ ក្រោមរដ្ឋការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នៅតែចិញ្ចឹមសងសឹក ទៅលើក្រុមមន្រ្ដីសហរដ្ឋអាមេរិក ចំនួន៩៤នាក់ ដោយរួមទាំងលោក ត្រាំ ផងដែរ។
ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ថា ដើម្បីថ្លែងរំឭកដល់ខួប៣ឆ្នាំ នៃការធ្វើឃាតយ៉ាងកក្រើកប្រទេសអ៊ីរ៉ង់ និង ពិភពលោកនោះ ក្រុមមន្រ្ដីក្រុងតេអ៊ីរ៉ង់ មួយចំនួន បានប្ដេជ្ញាសងសឹក ប្រឆាំងនឹងក្រុមមន្រ្ដីសហរដ្ឋអាមេរិក ចំនួន៩៤នាក់ ពាក់ព័ន្ធនឹងការសម្លាប់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) មេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ ក្រោមស្នាដៃរបស់កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ ខណៈគាត់នៅកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។
បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានឲ្យដឹង ថា លោក កាហ្សែម ហ្ការីបាបាឌី (Kazem Gharibabadi) អគ្គលេខាធិការ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និង ជាអនុប្រធានតុលាការ ទទួលបន្ទុកកិច្ចការអន្ដរជាតិរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានចេញផ្សាយបញ្ជីឈ្មោះជនជាតិអាមេរិកាំង ជាប់សង័្សយ ពាក់ព័ន្ធនឹងការសម្លាប់មេទ័ពកំពូលរបស់ខ្លួន ខណៈជនជាប់ចោទ មកពីប្រទេសជាច្រើន រួមទាំង១៧នាក់ មកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែល Soleimani ត្រូវបានសម្លាប់ និង មួយចំនួនទៀត ពីប្រទេសអាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ លោក Gharibabadi បានអះអាង ថា «បច្ចុប្បន្នការចោទប្រកាន់ ផ្តោតលើជនជាប់ចោទអាមេរិក»។
លោក Gharibabadi បានបញ្ជាក់ ថា «ឥឡូវ ករណីសម្លាប់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ជាមេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ មានជនជាប់ចោទ ចំនួន៩៤នាក់ មកពីសហរដ្ឋអាមេរិក។ ចំណែកឯកសារចាំបាច់បំផុតទាំងអស់ ត្រូវបានប្រមូលបានមក ដោយក្រុមមន្រ្ដីតុលាការអ៊ីរ៉ង់ ហើយបានរៀបចំរួចរាល់អស់ហើយ សម្រាប់ជនសង័្សយទាំង៩៤នាក់នោះ»។
លោក Gharibabadi បានសង្កត់ធ្ងន់ ថា «នៅក្នុងចំណោមជនសង័្សយអាមេរិកាំង ទាំង៩៤នាក់នោះ មានមនុស្សសំខាន់ចំនួន៣នាក់ ត្រូវបានចោទប្រកាន់ រួមមាន ទី១-លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក, ទី២-លោក ម៉ៃខ៍ ប៉ុមប៉េវ (Mike Pompeo) អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់លោក ត្រាំ និង ទី៣-លោកឧត្ដមនាវី ខែនណែត មឺកខែនស៊ី មេបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក»។
លោក Gharibabadi បានព្រមានថា «ពួកគេទាំងអស់នេះ គឺគ្មានអ្នកណាម្នាក់ នឹងមានអភ័យឯកសិទ្ធិ រួចផុតពីដំណើរការរបស់តុលាការអ៊ីរ៉ង់ នោះឡើយ។ រីឯដីកាដែលចេញរួចហើយនោះ បានចោទប្រកាន់បុគ្គលដ៏សំខាន់ទាំង៣នាក់នេះយ៉ាងពេញលេញ។ ចំណែកប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់ កំពុងតែដំណើរការដោះស្រាយ ហើយនីតិវិធីនេះ គឺប្រព័ន្ធតុលាការមិនមានអ្វីឧបសគ្គ នៅចំពោះមុខយើងទេ»។
ជាមួយគ្នានេះដែរ លោក Gharibabadi បានបញ្ជាក់ទៀត ថា ក្រុមមន្រ្ដីអ៊ីរ៉ង់ បានទទួលធ្វើកិច្ចសហប្រតិបត្ដិការ ពីសមភាគី នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាទីដែលតុលាការកំពូល ក៏បានចេញដីកា ចាប់ខ្លួនលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ ដោយឡែក សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប មិនបានសហការជាមួយនឹងសំណើនេះឡើយ។
លោក ម៉ូហាមម៉ាត់-រេហ្សា ហ្ការ៉ាអេ អាសទៀនី (Mohammad-Reza Gharaei Ashtiani) រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានចេញការព្រមាន កាលពីថ្ងៃចន្ទ ដោយថ្លែង ថា «ការសងឈាមសម្រាប់លោកឧត្ដមសេនីយ៍ Soleimani ក្លាយជារបៀបវារៈអចិន្រ្ដៃយ៍របស់កងទ័ពអ៊ីរ៉ង់។ មេបញ្ជាការ និង អ្នកប្រព្រឹត្ត អំពើធ្វើឃាតដ៏កម្សាកនេះ នឹងត្រូវទទួលទណ្ឌកម្មដ៏អាម៉ាស់របស់ពួកគេ នៅពេល និង ទីកន្លែងដែលពួកគេមិនបានគិតដល់ ហើយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងកំណត់ពេលវេលា និង ទីកន្លែងរបស់ខ្លួន»។
រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន វាយប្រហារទៅលើក្បូនរថយន្ដរបស់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ជាមេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ខណៈគាត់បានធ្វើដំណើរ វិលត្រឡប់មកពីជួបជាមួយនឹងមេដឹកនាំក្រុមចលនាកងជីវពលផ្សេងៗទៀត នៅលើទឹកដីអ៊ីរ៉ាក់។ ការវាយប្រហារប្រហារ ដោយដ្រូនយោធារបស់កងទ័ពសហរដ្ឋអាមេរិក នាពេលនោះ បានសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ និង ក្រុមមន្រ្ដីកងជីវពលជាច្រើននាក់ផ្សេងទៀត រហូតធ្វើអ៊ីរ៉ង់ ផ្ទុះការខឹងសម្បា ហើយបាញ់ប្រហារ ដោយមីស៊ីលសងសឹក ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់៕










