ខេត្តត្បូងឃ្មុំ៖ កាលពីពេលថ្មីៗនេះកសិករដាំដំឡូងមីនៅខេត្តត្បូងឃ្មុំបានឱ្យដឹងថា ​ទីផ្សារដំឡូងមីបច្ចុប្បន្ននេះលក់បានថ្លៃ​ល្អគួរសម ប៉ុន្តែមានការពិបាកនៅក្នុងស្វែងរកទីផ្សារលក់ចេញដោយទីផ្សារទាំងស្រុងត្រូវពឹងផ្អែកទៅលើវៀតណាម​ ខណៈដំឡូងមីលក់ចេញទៅវៀតណាម ១តោន វៀតណាមកាត់យកពី ២០០ ទៅ ២១០គីឡូ តាមច្រកដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយតម្លៃ១គីឡូ ៤២០រៀល ដែលការកាត់នេះបានជះឥទ្ធិពលដ៏អាក្រក់ដល់បងប្អូនកសិករធ្វើឱ្យបាត់បង់ប្រាក់ចំណូលមួយចំនែកធំ។

ជាក់ស្ដែងយោងតាមបទសម្ភាសដោយផ្ទាល់ពីសំណាក់ទូរទស្សន៍ «PNN» ដែលបានចុះទៅសម្ភាសបងប្រុសម្ចាស់ចម្ការម្នាក់ នៅក្នុងខេត្តត្បូងឃ្មុំបានរៀបរាប់យ៉ាងដូច្នេះថា៖ «ដំឡូងបើដឹកដល់វៀតណាមក្នុង១គីឡូទទួលបានតម្លៃ៤០០រៀលជាងបន្តិច ចំពោះតែដំឡូងដាំលើដីក្រហមតែប៉ុណ្ណោះ ខណៈដំឡូងដាំលើដីធម្មតាគឺមិនបានទទួលតម្លៃប៉ុណ្ណឹងទេ ដោយក្នង១តោនគេឱ្យតម្លៃ៤ម៉ឺនរៀល ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺដំឡូងរបស់ខ្មែរយើងគឺខាងវៀតណាមបានកាត់ភាគរយ (ឧទាហរណ៍: ១០តោន គឺគេកាត់២០ភាគរយ ដោយខាងឈ្មួញវៀតណាមយក២តោន បើ២០តោន គេយក៤តោនជាដាច់ខាត់) »។

យ៉ាងណាមិញចំពោះមូលហេតុដែលនាំឱ្យកាត់ភាគរយនោះ ខាងឈ្មួញវៀតណាមបានបង្ហើបឱ្យដឹងថា គឺដោយសារតែមានមន្រ្តីរាជការខ្មែរយើងចំណុះសាលាខេត្តត្បូងឃ្មុំ ដោយបានយកឈ្មោះសាលាខេត្តប្រើតែម្ដង ដោយបានទៅទារលុយពីខាងឈ្មួញដំឡូង ដូច្នេះហើយខាងវៀតណាមវិធីមានតែមួយគឺថៅកែដំឡូងមីនោះមានតែកាត់ភាគរយជញ្ជីងពីខាងបងប្អូនប្រជាកសិករវិញ ដោយគេបានអះអាងថា ២០ភាគរយគឺសុទ្ធតែជាដី ដោយដំឡុងមានត្រឹមតែ៨០ភាគរយប៉ុណ្ណោះ។ ប៉ុន្តែធាតុពិតនៅពីក្រោយខ្នងនោះគឺខាងមន្រ្ដីរាជការខ្មែរ និងវៀតណាម នៅព្រំដែនហ្នឹងគឺយកផលប្រយោជន៍ចែកគ្នា ដោយមានលោកស្រីម្នាក់ដែលមានអំណាចនៅខេត្តត្បូងឃ្មុំនោះបានបញ្ជាឱ្យកូនចៅមកទារប្រាក់ពីឈ្មួញ ដូច្នេះមធ្យោបាយមានតែមួយគឺមានតែកាត់ភាគរយពីកសិករខ្មែរដែលដឹកយកទៅលក់នោះ ដោយកាលំីមុនៗមកគឺខាងវៀតណាមកាត់ត្រឹម៤ ទៅ៥ភាគរយ យ៉ាងច្រើននោះកាត់ត្រឹម១០ភាគរយប៉ុណ្ណោះ»។

ជាចុងក្រោយនេះបងប្អូនកសិករខ្មែរក៏បានធ្វើការសំណូមពរទៅដល់ក្រសួងពាណិជ្ជកម្មកម្ពូជា រួមទាំងអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាឱ្យមានការជជែកវែកញែកជាមួយក្រសួងពាណិជ្ជកម្មវៀតណាម ឱ្យបានច្បាស់ពីការកាត់ភាគរយនេះ ព្រោះការកាត់ភាគរយនោះគឺវាជាចំនួនសន្ធឹកសន្ធាប់ខ្លាំងណាស់ ប្រាក់ចំណេញក៏បានតិចស្ដួចស្ដើងទៅតាមហ្នឹង ហើយជាពិសេសនោះសូមមេត្តាអាជ្ញាធរជួយវែកមុខឱ្យឃើញរកជនដែលមានអំណាចទៅយកប្រាក់ពីខាងអាជីវករវៀតណាម។​

ទោះបីជាយ៉ាងណាប្រភពព័ត៍មានខាងលើពីការចុះផ្សាយនេះគ្រាន់តែជាព័ត៌មានដែលទទួលបានពីភាគីម្ខាងប្រជាពលរដ្ឋដែលជាជនរងគ្រោះតែប៉ុណ្ណោះ។ ប្រសិនបើការពិតត្រូវបានលាតត្រដាងដូចភាគីឈ្មួញវៀតណាមលើកឡើងមែន វាជារឿងដែលគួរឱ្យសោកស្ដាយបំផុតសម្រាប់ប្រជាកសិករក្រីក្រដែលទទួលរងទុក្ខពីការខាតបង់ដោយមន្រ្ដីក្រោមឱវាទដែលឆ្លៀតកេងចំណេញធ្វើស្រែលើខ្នងរាស្រ្ដខ្លួនឯង ខណៈជាក់ស្ដែងឈ្មួញតែងតែបង្កើតវប្បធម៍ជះទឹកដាក់គ្នា។ ការពិតពីការកេងបន្លំ២០ភាគរយនៃតម្លៃដំឡូងមីយ៉ាងណាសារព័ត៌មាន «KBN» រង់ចាំផ្សាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕